ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទចំនួន ៥នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងសូកប៉ាន់ និងបទសម្អាតប្រាក់ ដែលបានប្រព្រឹត្តនៅខេត្តបន្ទាយមានជ័យ រាជធានីភ្នំពេញ និងខេត្តកំពត កាលពីអំឡុងខែឧសភា ឆ្នាំ២០២៥។




ក្នុងនោះ ឈ្មោះ វ៉ន វាសនា អាយុ ៣៨ឆ្នាំ អតីតអធិការរងនគរបាលស្រុកបវេល ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ៧ឆ្នាំ និងពិន័យជាប្រាក់ ៥០០លានរៀល បង់ចូលថវិការដ្ឋ។ ខណៈឈ្មោះ តាំង សំណាង អាយុ ៤៣ឆ្នាំ អតីតមន្រ្តីនគរបាល ត្រូវបានផ្តន្ទាទោស ៥ឆ្នាំ (អនុវត្ត ៣ឆ្នាំ និងទោសសល់ព្យួរ)។ ចំណែកឈ្មោះ ហេង សុណា ត្រូវបានផ្តន្ទាទោស ៦ឆ្នាំ, ឈ្មោះ មុនី សុខដារ៉ូ ៥ឆ្នាំ (អនុវត្ត ៣ឆ្នាំ ទោសសល់ព្យួរ) និងឈ្មោះ សាប់ ភារ៉ន ៦ឆ្នាំ។



ការផ្តន្ទាទោសនេះ ធ្វើឡើងតាមមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មាត្រា ២៧ និងមាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ ព្រមទាំងមាត្រា ៣ និង ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ឆ្នាំ២០២០។
មុននេះ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនមន្រ្តីនគរបាល ២នាក់ និងបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីលួចដោះលែងជនជាតិថៃ។
បន្ទាប់មក នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន ខណៈបក្ខពួកផ្សេងទៀតត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់។
អត្ថបទ÷តុលាការ
