ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានដឹកនាំកម្លាំងទ័ពគោរពទង់ជាតិ និងផ្ដល់អនុសាសន៍ដល់កងទ័ពទាំងអស់ ឲ្យគោរពវិន័យយ៉ាងម៉ឺងម៉ាត់ និងមានការតាំងចិត្តខ្ពស់ ព្រោះវាជាគ្រឹះសម្រាប់ភាពជោគជ័យក្នុងការបំពេញភារកិច្ច។


ឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា កងកម្លាំងទាំងអស់ត្រូវអនុវត្តឲ្យបានត្រឹមត្រូវនូវបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ និងយកចិត្តទុកដាក់ខ្ពស់ចំពោះការងារប្រចាំថ្ងៃ ទោះជាការងារតូច ឬធំក៏ដោយ សុទ្ធតែមានតម្លៃ ប្រសិនបើអនុវត្តដោយការទទួលខុសត្រូវ និងភាពខិតខំប្រឹងប្រែង។


ជាមួយគ្នានេះ លោកក៏បានលើកឡើងថា ការលំបាកនៅថ្ងៃនេះ គឺជាមេរៀនសម្រាប់ការកសាងភាពរឹងមាំនៅថ្ងៃអនាគត ហើយកងទ័ពត្រូវតែមានភាពអត់ធ្មត់ មុះមុត និងតាំងចិត្តបន្តបំពេញភារកិច្ច ដើម្បីបម្រើជាតិ និងប្រជាជន។


បន្ថែមពីនេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានអំពាវនាវឲ្យកងយោធពលខេមរភូមិន្ទគ្រប់រូប ប្រើប្រាស់សមត្ថភាពទាំងកាយចិត្ត និងប្រាជ្ញា ហ៊ានធ្វើពលីកម្ម ដើម្បីការពារជាតិមាតុភូមិ បូរណភាពទឹកដី និងសន្តិសុខសង្គម។


ក្នុងឱកាសនោះ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បានយកចិត្តទុកដាក់ស្ដាប់ និងត្រៀមអនុវត្តតាមបទបញ្ជា ដើម្បីបំពេញតួនាទី និងភារកិច្ចឲ្យបានល្អប្រសើរ តាមការកំណត់របស់ក្រសួងការពារជាតិ៕

Share.