បាត់ដំបង÷ ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះអាឡែន ឈ្មួញទិញលក់ទុរេនសៀមចេញមកបញ្ជាក់នៅរសៀលថ្ងៃនេះថាពិតជាបានបញ្ជាទិញទុរេនពីឈ្មួញសៀម ៣លើក ប៉ុន្តែមិនបានដឹងដឹកជញ្ជូនដោយមធ្យោបាយណាទេ រួចក៏បន្តចែកចាយទៅឲ្យម៉ូយនៅខេត្តកំពង់ចាម ទៀត។

ក្រោយការចូលខ្លួនបំភ្លឺពីសាមីម្ចាស់គណនីហ្វេសប៊ុក អាឡែន ឈ្មួញដុះស្លែបញ្ជាទិញលក់ផ្លែទុរេន និងផ្លែឈើផ្សេងៗពីឈ្មួញសៀម នៅរសៀលថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២៦នេះការិយាល័យការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងនគរបាលខេត្តបាត់ដំបង បានផ្សព្វផ្សាយដោយបានបញ្ជាក់ថា÷ លទ្ធផលនៃការសាកសួរ និងបំភ្លឺម្ចាស់គណនី អាឡែន ដែលឈ្មោះពិត ព្រឿន សាក់ឡែន ភេទស្រី អាយុ ៣១ឆ្នាំ រស់នៅភូមិចាំចាប ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង គាត់បានទទួលស្គាល់ការពិតលើសារដែលបែកធ្លាយ ហើយពិតជាបានបញ្ជាទិញទុរេនពីសៀមពិតប្រាកដមែន។

អ្នកនាង ព្រឿន សាក់ឡែន បានបន្តថា÷ ចាប់ពីខែមេសា ដល់ដើមខែឧសភា នេះគាត់បានទំនាក់ទំនងជាមួយជនជាតិថៃ ដែលធ្លាប់រកស៊ីជាមួយគ្នា ដោយកន្លងមកនេះបានទិញផ្លែទុរេនពីថៃចំនួនប្រមាណ ២ ០០០គីឡូក្រាមតាមការបញ្ជាទិញពីម៉ូយនៅក្នុងខេត្តកំពង់ចាម ហើយបានបញ្ជូនទៅឲ្យអ្នកទិញនៅខេត្តកំពង់ចាមផ្ទាល់។

ចំណែកការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរបស់ឈ្មួញថៃ គាត់គ្រាន់តែដឹងថាគេរៀបចំផ្ញើរដឹកចេញកាត់តាមច្រកកាបីន ស្រុកភ្នំព្រឹក តែគាត់មិនបានដឹងគេផ្ញើរតាមរបៀបណានោះទេលុះរថយន្តដឹកបញ្ជូនមកដល់គាត់ក៏ទទួល ហើយផ្ញើរបន្តទៅឲ្យម៉ូយនៅខេត្តកំពង់ចាម តែម្តង។

ចំពោះមុខការិយាល័យអ្នកនាំពាក្យនៃស្នងការនគរបាលខេត្តបាត់ដំបង កំពុងចាត់តាំងដល់កម្លាំងនគរបាលជំនាញដើម្បីស្រាវជ្រាវបន្ថែមជុំវិញករណីខាងលើដោយយកចិត្តទុកដាក់បំផុតឈានទៅស្វែងរកអ្នកពាក់ព័ន្ធនឹងចាត់វិធានការតាមនីតិវិធី៕

អត្ថបទ: ដំបងក្រញូង

Share.