បន្ទាយមានជ័យ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយថ្នាក់ដឹកនាំជាន់ខ្ពស់ និងអនុវត្តតាមបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ បានបង្ក្រាបដោយជោគជ័យករណីប្លន់ប្រដាប់អាវុធមួយ ដែលកើតឡើងនៅការ៉ាសាំង PTT ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនសង្ស័យជនជាតិប៉ាគីស្ថានបាន២នាក់។


ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រមាណ ៤៖១៧នាទីទាបភ្លឺ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយក្រុមជនសង្ស័យបានជិះរថយន្តម៉ាក Toyota Prius មួយគ្រឿង ប្រើអាវុធខ្លីភ្ជង់ និងបាញ់គំរាម ប្លន់យកកាបូបលុយពីបុគ្គលិកការ៉ាសាំងម្នាក់ ដែលមានប្រាក់សរុបជិត ៣,០០០ដុល្លារ។


បន្ទាប់ពីកើតហេតុ កម្លាំងជំនាញបានសហការស្រាវជ្រាវយ៉ាងសកម្ម រហូតកំណត់អត្តសញ្ញាណជនសង្ស័យ ហើយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៤៖៣០នាទី បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


ជនសង្ស័យទាំងពីររួមមាន៖ NOMAN MUHAMMAD អាយុ៣៤ឆ្នាំ ទី២ឈ្មោះ ALI HASSAN អាយុ២៦ឆ្នាំ។
តាមការសារភាព ពួកគេបានសហការជាមួយបក្ខពួកម្នាក់ទៀត ប្រើអាវុធខ្លីធ្វើសកម្មភាពប្លន់ពិតប្រាកដ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធី ខណៈបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួន និងត្រូវបានសមត្ថកិច្ចបន្តស្វែងរក។

Share.