ភ្នំពេញ៖ អភិបាលខេត្តចំនួន៤ រួមមាន ឯកឧត្តម គីម រិទ្ធី (ព្រះវិហារ), ឯកឧត្តម នួន ផារ័ត្ន (កំពង់ធំ), ឯកឧត្តម វ៉ា ថន (ក្រចេះ) និងឯកឧត្តម សរ សុពុត្រា (ស្ទឹងត្រែង) បានជួបសំណេះសំណាលជាមួយតំណាងសហគមន៍តំបន់ការពារធម្មជាតិចំនួន ២១សហគមន៍ ជុំវិញដែនជម្រកសត្វព្រៃ «ព្រៃឡង់» នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ដើម្បីពង្រឹងការគ្រប់គ្រង និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ។


ក្នុងជំនួបនេះ អាជ្ញាធរខេត្ត និងសហគមន៍បានពិភាក្សាពីវឌ្ឍនភាពនៃការគ្រប់គ្រងធនធានធម្មជាតិ ក៏ដូចជាបញ្ហាប្រឈមនានា ក្នុងគោលបំណងការពារព្រៃឈើដែលនៅសេសសល់ និងរក្សាជីវៈចម្រុះនៅក្នុងតំបន់។
របាយការណ៍បង្ហាញថា ក្នុងរយៈពេល ៤ ខែដំបូង ឆ្នាំ២០២៦ កម្លាំងចម្រុះបានចុះល្បាតចំនួន ៨៥៣ លើក និងបង្ក្រាបបទល្មើសបាន ១៧៨ ករណី ដែលភាគច្រើនពាក់ព័ន្ធនឹងការកាប់ឈើខុសច្បាប់ និងទន្ទ្រានដីព្រៃ។ ក្នុងនោះ សំណុំរឿង ៨៣ ករណី ត្រូវបានបញ្ជូនទៅតុលាការ និងឃាត់ខ្លួនជនសង្ស័យ ១៣ នាក់ ព្រមទាំងរឹបអូសសម្ភារៈពាក់ព័ន្ធជាច្រើន។




ក្រសួងបរិស្ថានបានបញ្ជាក់ថា កំពុងជំរុញការអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ ដោយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងបង្កើតសក្តានុពលទេសចរណ៍បៃតង ដើម្បីជំរុញការចូលរួមពីសហគមន៍ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ។
ជាមួយគ្នានេះ អាជ្ញាធរត្រូវបានលើកទឹកចិត្តឱ្យបន្តសហការជាមួយសហគមន៍ក្នុងការចុះល្បាត បង្ក្រាបបទល្មើស និងពង្រឹងសកម្មភាពដាំដើមឈើឡើងវិញ ដើម្បីបង្កើនគម្របបៃតង និងឆ្ពោះទៅរកគោលដៅកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០២៥០។




