រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យក្រុមប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រៀបចំបែបបទប្រគល់រថយន្តដែលសមត្ថកិច្ចដកហូតក្នុងបទល្មើស ជូនទៅប្រជាពលរដ្ឋជាម្ចាស់ដើមវិញ ប្រសិនបើមានឯកសារច្បាប់និងលិខិតជួលត្រឹមត្រូវ ព្រមទាំងហាមដាច់ខាតការទាមទារប្រាក់ជាថ្នូរនឹងការបំពេញបែបបទ។

លោករ៉េន រនតៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បញ្ជាក់ថា ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០ cylinders នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំក្រុមប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទាំងអស់ ក្នុងករណីប្រជាពលរដ្ឋខ្មែរបានជួលរថយន្តឱ្យជនបរទេស ហើយជនបរទេសនោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធបទល្មើស ដោយមានទាំងរថយន្តជួលនោះផង គឺសមត្ថកិច្ចត្រូវរៀបចំបែបបទប្រគល់រថយន្តនោះឱ្យទៅម្ចាស់រថយន្តវិញ ក្នុងករណីមានឯកសារជួល និងឯកសារកម្មសិទ្ធិរថយន្តច្បាស់លាស់ស្របតាមច្បាប់។
ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ដែរថា ដាច់ខាតមិនត្រូវឱ្យមានការគាបសង្កត់ទាមទារប្រាក់ជាថ្នូរនឹងការបំពេញបែបបទប្រគល់រថយន្តជូនទៅប្រជាពលរដ្ឋដែលជាម្ចាស់រថយន្តនោះឡើយ។

ការចេញមុខបញ្ជាក់បែបនេះ ធ្វើឡើងបន្ទាប់ពីអ្នកសារព័ត៌មានម្នាក់បានបង្ហោះសារលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនដែលមានឈ្មោះថា «ស៊ន សុភ័ក្ត្រ-Sorn Sopheak» ដោយចោទសួរថា៖ «តើឡានដែលជួលឱ្យចិន មានឯកសារឡាន និងលិខិតជួលត្រឹមត្រូវ ពេលសមត្ថកិច្ចចុះបង្ក្រាបបទល្មើស Scam Online, ឡានទាំងនេះត្រូវប្រគល់ជូនម្ចាស់វិញ ឬដកហូតជាសម្បត្តិរដ្ឋ? ជាចម្ងល់អ្នកជួលឡានឱ្យចិន!»។
សូមរំឭកថា នៅក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹងច្បាប់ស្តីពីការប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានពន្យល់ថា ទីតាំង ឬយានយន្តដែលប្រើសម្រាប់ប្រព្រឹត្តបទល្មើស Online Scam អាចជាកម្មវត្ថុនៃការរឹបអូសធ្វើជាសម្បត្តិរដ្ឋ លើកលែងតែក្នុងករណីម្ចាស់ទីតាំង ឬម្ចាស់យានយន្តមានភស្តុតាងបញ្ជាក់ថា ពុំជាប់ពាក់ព័ន្ធនឹងបទល្មើសឡើយ៕

