រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៥ ខែឧសភា នេះ បានប្រកាសពីការសម្រេចថានឹងប្រើប្រាស់យន្តការនៃការផ្សះផ្សាដោយចាប់បង្ខំ (Compulsory Conciliation) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃ។ នេះបើយោងតាមការបង្ហោះសារលើគណនីហ្វេសប៊ុកផេករបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា។

ការសម្រេចនេះធ្វើឡើង បន្ទាប់ពីភាគីថៃបានប្រកាសជាផ្លូវការ សម្រេចដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ ឬហៅកាត់ថា MOU 2001 (ឬដែលភាគីថៃហៅថា MOU44)។

តាមលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាង២៥ឆ្នាំកន្លងមកនេះ អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ MOU2001 បានដើរតួនាទីយ៉ាងសំខាន់ ក្នុងក្របខណ្ឌទ្វេរភាគីតែមួយគត់ ដែលបានឯកភាពគ្នា សម្រាប់ភាគីទាំងពីរ ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នា។ ការចូលជាធរមាននៃអនុស្សរណៈនៃការយោគយល់គ្នានេះ បានបញ្ជាក់អោយឃើញអំពីស្មារតីនៃកិច្ចសហប្រតិបត្តិការ និងសុច្ឆន្ទៈទៅវិញទៅមក។

សម្ដេច ហ៊ុន ម៉ាណែត លើកឡើងថា៖ «ជាការសោកស្តាយ ដែលភាគីថៃបានសម្រេចដកខ្លួនជាឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ ហើយសម្រាប់កម្ពុជាយើងតែងតែផ្តល់លទ្ធភាពទៅដល់យន្តការទ្វេភាគី ដែលស្របទៅនឹងតាមអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ។ ការដកខ្លួន ដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាការបោះបង់ចោលកិច្ចព្រមព្រៀងទ្វេរភាគីតែមួយគត់ ដែលបង្កើតអោយមានក្របខណ្ឌទ្វេរភាគីតែមួយគត់ ដែលភាគីទាំងពីរបានពឹងផ្អែក និងប្រើប្រាស់ជាង ២ទស្សវត្សន៍កន្លងមកនេះ។»

ការចាកចេញដោយឯកតោភាគីរបស់រដ្ឋាភិបាលថៃ ចេញពី MOU 2001 បានរុញច្រានឱ្យកម្ពុជាពុំមានជម្រើសអ្វីក្រៅពីពឹងផ្អែកទៅលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ ជាពិសេសយន្តការនៃការផ្សះផ្សាដោយចាប់បង្ខំ (Compulsory Conciliation) ដែលបង្កើតឡើងក្រោមអនុសញ្ញាមួយនេះនោះឡើយ។

យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) គឺត្រូវបានបង្កើតឡើងដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីជួយទៅដល់រដ្ឋភាគី ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ។

តាមប្រមុខរដ្ឋាភិបាល ការសម្រេចចិត្តរបស់កម្ពុជា ក្នុងការប្រើប្រាស់យន្តការនេះ គឺឆ្លុះបញ្ចាំងអោយឃើញអំពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់របស់កម្ពុជា ដែលប្រទេសទាំងពីរអាចសម្រេចបាននូវដំណោះស្រាយមួយ ដោយយុត្តិធម៌ដែលយូរអង្វែង ហើយស្របទៅតាមច្បាប់អន្តរជាតិ ដែលនឹងអនុញ្ញាតអោយប្រជាជនយើងរស់នៅជាមួយគ្នាដោយសន្តិភាព ស្ថិរភាព និងសេចក្តីសុខ៕

Share.