ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញផ្សាយវិចារណកថាមួយនៅលើ AsiaTime ដោយលើកឡើងថា ប្រទេសថៃមិនគួរសម្រេចដកខ្លួនចេញពីកិច្ចសន្ទនាលើបញ្ហាដែនសមុទ្រជាមួយកម្ពុជានោះទេ ដោយសារតែក្របខ័ណ្ឌនេះមានសារៈសំខាន់ណាស់សម្រាប់ការរក្សាស្ថិរភាពក្នុងតំបន់។

ក្នុងវិចារណកថា ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា សមុទ្រគឺជាផ្លូវពាណិជ្ជកម្ម ជាជម្រកជីវភាពសហគមន៍នេសាទ និងជាប្រភពធនធានដ៏មានតម្លៃ។ ទោះបីជាវាអាចធ្វើឱ្យប្រទេសជិតខាងកាន់តែជិតស្និទ្ធក៏ដោយ ក៏ការទាមទារអធិបតេយ្យភាពត្រួតស៊ីគ្នាអាចបង្កឱ្យមានភាពតានតឹងបានដែរ។

ឯកឧត្តមបានលើកឡើងពីព្រឹត្តិការណ៍នៅមជ្ឈិមបូព៌ាថា ស្ថិរភាពដែនសមុទ្រមិនមែនជាបញ្ហាដែលមើលរំលងបានទេ ដោយសារវាប៉ះពាល់ផ្ទាល់ដល់ការផ្គត់ផ្គង់ថាមពល ផ្លូវពាណិជ្ជកម្ម សន្តិសុខស្បៀង និងទំនុកចិត្តវិនិយោគិន។ ចំពោះកម្ពុជា ស្ថិរភាពនេះកំពុងតែកើតឡើងនៅពេលដ៏រសើប ដោយសារជម្លោះតាមព្រំដែនគោករវាងកម្ពុជា-ថៃ។

ក្នុងបរិបទនេះ ឯកឧត្តមបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការគំរាមកំហែងរបស់ថៃក្នុងការដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០១ ដែលអស់រយៈពេលជាងពីរទសវត្សរ៍មកហើយ ជាក្របខ័ណ្ឌទ្វេភាគីតែមួយគត់ក្នុងការគ្រប់គ្រងការទាមទារដែនសមុទ្រត្រួតស៊ីគ្នា និងការអភិវឌ្ឍធនធានប្រេង និងឧស្ម័ន។

ឯកឧត្តមបានបញ្ជាក់ថា MoU នេះមានតម្លៃជាក់ស្តែង ដោយអនុញ្ញាតឱ្យភាគីទាំងពីរបន្តការពិភាក្សា ខណៈពេលដែលរក្សាបាននូវជំហរផ្លូវច្បាប់រៀងៗខ្លួន។ ការលុបចោលច្រកផ្លូវសន្ទនានេះ នឹងមិនអាចដោះស្រាយបញ្ហាបានឡើយ ផ្ទុយទៅវិញ វានឹងធ្វើឱ្យការគ្រប់គ្រងជម្លោះកាន់តែពិបាក បំផ្លាញទំនុកចិត្ត និងបង្កើនហានិភ័យនៃការយល់ច្រឡំ។

ឯកឧត្តមរដ្ឋមន្ត្រីបានរំលឹកថា លទ្ធផលនៃបញ្ហានេះមិនមែនប៉ះពាល់តែកម្ពុជា និងថៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជះឥទ្ធិពលដល់ទំនុកចិត្តក្នុងតំបន់អាស៊ានទាំងមូល ព្រមទាំងប៉ះពាល់ដល់សហគមន៍នេសាទ ក្រុមហ៊ុនថាមពល និងអ្នកវិនិយោគដែលកំពុងតាមដានស្ថិរភាពក្នុងតំបន់។

ឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជាមិនចាត់ទុក MoU ឆ្នាំ២០០១ ជាការសម្បទានដល់ភាគីណាមួយ ឬជាការគំរាមកំហែងនោះទេ ប៉ុន្តែវាជាមធ្យោបាយការពារផលប្រយោជន៍រៀងៗខ្លួន ខណៈពេលដែលរក្សាកិច្ចសន្ទនា។ ទន្ទឹមនឹងនេះ កម្ពុជាប្តេជ្ញាការពារអធិបតេយ្យភាពរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។

សរុបមក ឯកឧត្តម នេត្រ ភក្ត្រា បានអំពាវនាវដល់ប្រទេសថៃឱ្យប្រកាន់ខ្ជាប់នូវ MoU ឆ្នាំ២០០១ បន្តកិច្ចសន្ទនា និងធ្វើការរួមគ្នាជាមួយកម្ពុជាដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ ដោយសន្និដ្ឋានថា៖ «សន្តិភាពត្រូវការច្រើនជាងពាក្យសម្ដី។ MoU ឆ្នាំ២០០១ គួរតែត្រូវបានពង្រឹង មិនមែនបោះបង់ចោលនោះទេ»៕

Share.