តាមការលើកឡើងរបស់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានឲ្យដឹងថា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦កន្លងទៅនៅសារមន្ទីរតេជោសន្តិភាព គណៈប្រតិភូនៃសភាប្រើប្រាស់ភាសាបារាំង (APF) រួមជាមួយសមាជិកព្រឹទ្ធសភាកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ុច បូរិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានអញ្ជើញទស្សនាកម្មវិធី ដើម្បីឈ្វេងយល់អំពីសមិទ្ធផលនៃកិច្ចប្រតិបត្តិការបោសសម្អាតមីន ព្រមទាំងប្រវត្តិនៃការកសាងសន្តិភាពនៅកម្ពុជា។

ឯកឧត្តម ហេង រតនា បានជម្រាបជូនគណៈប្រតិភូអំពីវឌ្ឍនភាព និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ។ ទន្ទឹមគ្នានេះ ឯកឧត្តមក៏បានបញ្ជាក់អំពីការប្រឈមមុខនឹងវិបត្តិមនុស្សធម៌ ដែលបង្កឡើងដោយសំណល់យុទ្ធភណ្ឌសង្គ្រាមពីអតីតកាល ទាំងប៉ះពាល់សុខសុវត្ថិភាពពេលចំពោះមុខ គំរាមកំហែងសេដ្ឋកិច្ចសង្គមរយៈពេលវែង ព្រមទាំងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ជាពិសេសការកម្ទេចប្រាង្គប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

តាមរយៈដំណើរទស្សនកិច្ចនេះ គេអាចយល់បានយ៉ាងច្បាស់ថា “សារមន្ទីរតេជោសន្តិភាព” មិនមែនគ្រាន់តែជាកន្លែងដាក់តាំងបង្ហាញភស្តុតាងប្រវត្តិសាស្ត្រ ឬជាកន្លែងចងចាំទុក្ខសោកនាដកម្មពីសង្គ្រាមដ៏រាំរ៉ៃនៅកម្ពុជាប៉ុណ្ណោះទេ ផ្ទុយទៅវិញ សារមន្ទីរនេះបានដើរតួនាទីយ៉ាងសំខាន់ជាងនោះ ក្នុងនាមជា”មជ្ឈមណ្ឌលអប់រំ និងផ្សព្វផ្សាយវប្បធម៌សន្តិភាព” សម្រាប់មនុស្សគ្រប់ជំនាន់។

តាមរយៈសារមន្ទីរតេជោសន្តិភាព យុវជន សិស្ស និស្សិត និងប្រជាពលរដ្ឋទូទៅ អាចក្រឡេកមើលទៅអតីតកាលដ៏សែនឈឺចាប់ ដើម្បីយល់ដឹងថា សុខសន្តិភាពដែលយើងកំពុងមានសព្វថ្ងៃ មិនមែងជាអ្វីដែលទទួលបានដោយងាយនោះទេ។ វាជាលទ្ធផលនៃការលះបង់ដ៏ធំធេងទាំងទុក្ខឃ្លាន ទាំងទឹកភ្នែក និងឈាមស្រក់ ព្រមទាំងបញ្ញាញាណ និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានប្រែក្លាយសង្គ្រាមឲ្យទៅជាសន្តិភាព តាមរយៈគោលនយោបាយ “ឈ្នះ-ឈ្នះ” ប្រកបដោយប្រាជ្ញា។

មិនតែប៉ុណ្ណោះ សារមន្ទីរនេះក៏បានបង្ហាញពីសមិទ្ធផល និងវឌ្ឍនភាពនៃការបោសសម្អាតមីន ដែលត្រូវបានសហគមន៍អន្តរជាតិកោតសរសើរ។ កម្ពុជាធ្លាប់ជាប្រទេសដែលរងគ្រោះដោយសារមីនធ្ងន់ធ្ងរជាងគេលើពិភពលោក ប៉ុន្តែដោយសារឆន្ទៈនយោបាយ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ កម្ពុជាកំពុងឈានទៅរកគោលដៅ “កម្ពុជាគ្មានមីន” នៅឆ្នាំ២០២៥។ នេះជាមេរៀនដ៏សំខាន់សម្រាប់ប្រទេសដទៃទៀត ដែលកំពុងរងផលប៉ះពាល់ដោយសារមីន និងសំណល់សង្គ្រាម។

សារមន្ទីរតេជោសន្តិភាព ដូច្នេះ គឺជាសាលាប្រវត្តិសាស្ត្រដ៏រស់រវើកមួយ ដែលផ្តល់ការអប់រំដល់មនុស្សជំនាន់ក្រោយ ឲ្យស្គាល់តម្លៃពិតនៃសន្តិភាព ឲ្យចេះគោរពជីវិតមនុស្ស ឲ្យចេះស្រឡាញ់ថែរក្សាស្ថិរភាពនយោបាយ និងឲ្យចេះបដិសេដនូវអំពើហិង្សាគ្រប់ទម្រង់។

ដូច្នេះហើយ ការថែរក្សា និងលើកតម្លៃសារមន្ទីរតេជោសន្តិភាព គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ដើម្បីកសាងសង្គមដែលផ្អែកលើការយោគយល់ ការអធ្យាស្រ័យ និងសន្តិភាពប្រកបដោយចីរភាព។ ព្រោះតែសន្តិភាពទើបមានការអភិវឌ្ឍ តែសន្តិភាពទើបមានវិនិយោគ តែសន្តិភាពទើបប្រជាពលរដ្ឋមានជីវភាពធូរធារ។

សារមន្ទីរតេជោសន្តិភាព គឺជាមរតកដ៏មានតម្លៃដែលសម្តេចតេជោ ហ៊ុន សែន បានបន្សល់ទុក ហើយកូនខ្មែរជំនាន់ក្រោយត្រូវតែបន្តថែរក្សា និងផ្សព្វផ្សាយបន្ថែមទៀត ឲ្យក្លាយជាគ្រឹះដ៏រឹងមាំសម្រាប់ការកសាងសង្គម និងជាតិឲ្យរីកចម្រើនថ្កុំថ្កើងទៅអនាគត៕

Share.