« អនុទីន ធ្វើនយោបាយឱ្យថៃក្លាយជា ដង្កូវអាស៊ាន យ៉ាងពិតប្រាកដ » ដែលមួយឃ្លានេះគឺជាសម្ដីរបស់លោកបណ្ឌិត យ៉ង់ ពៅ បានបង្ហោះឡើងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីរិះគន់ចំៗទៅកាន់រដ្ឋាភិបាល អនុទីន ២ ក្រោយពីបានចេញគោលនយោបាយ «ថៃនាំមុខ ហើយគ្រប់យ៉ាងមិនមែនប្រទេសថៃជាភាគីបាត់បង់នោះទេ!»។ តែយ៉ាងណាមិញ សម្ដីរិះគន់ដែលចេញពីអ្នកជំនាញវិទ្យាសាស្ត្រនយោបាយរូបនេះ ក៏បានឆ្លុះបញ្ចាំងពីទិសដៅនយោបាយរបស់ថៃនាបច្ចុប្បន្ននេះដែលកំពុងធ្វើខ្លួនជាប្រទេសឯកោក្នុងតំបន់។

អ្វីដែលបង្កឲ្យមានការរិះគន់ខ្លាំងបំផុតនាពេលថ្មីៗនេះ គឺការសម្រេចចិត្តរបស់គណៈរដ្ឋមន្ត្រី នាយកណ្ដុរ អនុទីន កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ក្នុងការលុបចោលជាផ្លូវការនូវអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០១ ជាមួយកម្ពុជា ស្តីពីការស្វែងរកថាមពលរួមគ្នានៅតំបន់ដែនទឹកជម្លោះនៃឈូងសមុទ្រថៃ។ ការសម្រេចចិត្តនេះ ត្រូវបានអះអាងថា ដើម្បីគ្រប់គ្រងតំបន់ទាំងនោះក្រោមច្បាប់អន្តរជាតិ (UNCLOS) ជំនួសឱ្យក្របខ័ណ្ឌទ្វេភាគីដែលមានអាយុកាលជាង២៥ឆ្នាំ។

ជំហាននេះ ត្រូវបានប្រជាជនថៃ និងអ្នកនយោបាយថៃចាត់ទុកថាជាការពារផលប្រយោជន៍ជាតិថៃដ៏មហាសាល ប៉ុន្តែផ្ទុយទៅវិញវាហាក់ដូចជាចលនាដ៏ប្រថុយប្រថានមួយ ព្រោះថា MoU ឆ្នាំ២០០១ ជាយន្តការសំខាន់មួយដែលរក្សាការសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីចៀសវាងជម្លោះដែលមិនចាំបាច់។ ការដកខ្លួនចេញពីក្របខ័ណ្ឌនេះ មិនត្រឹមតែមិនអាចដោះស្រាយបញ្ហាបានទេ មែនទែនទៅវាអាចនឹងបំផ្លាញទំនុកចិត្តរវាងប្រទេសជិតខាង និងបង្កើនហានិភ័យនៃការប្រឈមមុខដាក់គ្នានៅឯដែនសមុទ្រ។

យ៉ាងណាមិញ ការជំរុញឱ្យរដ្ឋាភិបាល អនុទីន លុប MoU ឆ្នាំ ២០០១ នេះកើតឡើងស្របពេលដែលរដ្ឋាភិបាលថៃកំពុងជួបប្រទះបញ្ហាសេដ្ឋកិច្ចផងដែរ។ ដើម្បីដោះស្រាយវិបត្តិថាមពល និងការផ្លាស់ប្តូរថាមពល គណៈរដ្ឋមន្ត្រីបានអនុញ្ញាតឱ្យក្រសួងហិរញ្ញវត្ថុខ្ចីប្រាក់រហូតដល់ ៤០០ពាន់លានបាត ដើម្បីទប់ស្កាត់ការជាប់គាំងសេដ្ឋកិច្ចដោយសារតម្លៃថាមពលពិភពលោកខ្ពស់។ ការខ្ចីប្រាក់ដ៏ច្រើនសន្ធឹកនេះ បានបង្ហាញពីភាពផុយស្រួយនៃសេដ្ឋកិច្ចថៃ និងកង្វះដំណោះស្រាយប្រកបដោយនិរន្តរភាព។

ជាងនេះទៅទៀត ការប្រញាប់ជំរុញគម្រោង «Land Bridge Project Acceleration» ក្នុងទំហំទឹកប្រាក់ ៦០០ពាន់លានបាត (ប្រមាណ ១៦.២ពាន់លានដុល្លារ) ដូចជាគម្រោងស្ពានភ្ជាប់ដីភាគខាងត្បូង (Southern Land Bridge) ដែលគ្រោងចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២៦នេះ ក៏ជាកត្តាបង្កហានិភ័យផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរមួយដែរ។ បើគម្រោងនេះបរាជ័យ ឬជួបបញ្ហាមិនប្រក្រតី ថៃអាចនឹងធ្លាក់ចូលទៅក្នុងអន្ទាក់បំណុលវ័ណ្ឌក។ រីឯការតែងតាំងក្រុមការងារជំនាញសម្រាប់ ក្រសួងការបរទេស ថាមពល និងហិរញ្ញវត្ថុ ក៏មិនទាន់មានប្រសិទ្ធនៅឡើយ ខណៈទិសដៅនយោបាយថៃកំពុងធ្លាក់ក្នុងសភាពឯកោ និងប្រកាន់ជាតិនិយមហួសហេតុពេក។

ជារួមមកវិញ ការរិះគន់របស់លោកបណ្ឌិត យ៉ង់ ពៅ ដែលថា នាយកណ្ដុរ អនុទីន កំពុងធ្វើនយោបាយឱ្យថៃក្លាយជា “ដង្កូវអាស៊ាន” គឺមិនមែនគ្មានមូលដ្ឋាននោះទេ។ ច្បាស់ណាស់ ការប្រកាន់យកជំហរឯកោ ការប្រឈមមុខជាមួយប្រទេសជិតខាង ការខ្ចីប្រាក់យ៉ាងច្រើនសន្ធឹក និងការជំរុញគម្រោងយក្សដែលពោរពេញដោយហានិភ័យ សុទ្ធតែជាកត្តាដែលអាចធ្វើឱ្យថៃចុះខ្សោយទាំងផ្នែកការទូត និងសេដ្ឋកិច្ច ដែលផ្ទុយស្រឡះពីពាក្យស្លោក “ថៃនាំមុខ”។ ថែមទាំងអាចនាំប្រទេសនេះទៅរកភាពជាប់គាំង និងបាត់បង់ឥទ្ធិពលក្នុងតំបន់អាស៊ាន ដូចជាដង្កូវដែលកំពុងតែរងការគំរាមកំហែងពីសត្រូវជុំវិញខ្លួន៕

Share.