ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងនាពេលថ្មីៗនេះថា កម្ពុជាចាត់ទុករាល់សកម្មភាពបញ្ចប់ ឬដកខ្លួនចេញពីអនុស្សរណៈឆ្នាំ២០០១ របស់រដ្ឋាភិបាលថៃ គឺជាការដើរចេញពីក្របខណ្ឌនយោបាយ ដែលធ្លាប់បានកំណត់ឱ្យប្រទេសទាំងពីរអាចបង្កើតលក្ខខណ្ឌមួយសម្រាប់ដោះស្រាយបញ្ហាដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។

ចំពោះការលើកឡើងនេះ ធ្វើឡើងក្នុងបរិបទទាក់ទងនឹងការទាមទារកំណត់ព្រំដែនគោក និងការដោះស្រាយព្រំដែនសមុទ្ររវាងកម្ពុជា និងប្រទេសជិតខាង។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការរក្សាអនុស្សរណៈឆ្នាំ២០០១ គឺជាមូលដ្ឋានគន្លឹះមួយដើម្បីធានាឱ្យមានស្ថិរភាព និងការដោះស្រាយបញ្ហាព្រំដែនប្រកបដោយភាពស្ថាបនា។
សូមជម្រាបថា កម្ពុជាបន្តគាំទ្រយ៉ាងមុតមាំនូវការសន្ទនា និងកិច្ចសហប្រតិបត្តិការដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ និងផលប្រយោជន៍ទៅវិញទៅមក៕

