អ្នកស្រាវជ្រាវ និងជាអ្នកជំនាញផ្នែកសីលធម៌សង្គម បានបង្ហាញការគាំទ្រចំពោះវិធានការថ្មីរបស់រាជរដ្ឋាភិបាលក្នុងការបញ្ឈប់ការផ្តល់រង្វាន់លើគ្រឿងស្រវឹង និងភេសជ្ជៈប៉ូវកម្លាំង ដោយចាត់ទុកថាជាជំហានវិជ្ជមានក្នុងការកាត់បន្ថយការទទួលទានហួសកម្រិត ប៉ុន្តែលោកបានសង្កត់ធ្ងន់លើគ្រឿងស្រវឹងថា ដំណោះស្រាយដែលមានទម្ងន់ និងមាននិរន្តរភាពបំផុត គឺការជំរុញឱ្យមាន «ច្បាប់គ្រប់គ្រងគ្រឿងស្រវឹង» ជាក់លាក់។

ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវវិធានការហាមឃាត់ការផ្តល់រង្វាន់នៅលើភេសជ្ជៈប៉ូវកម្លាំង និងគ្រឿងស្រវឹង បានក្លាយជាប្រធានបទដ៏សំខាន់មួយដែលទទួលបានការចាប់អារម្មណ៍ និងការជជែកដេញដោលយ៉ាងទូលំទូលាយពីសំណាក់មជ្ឈដ្ឋាននានានៅក្នុងសង្គម។ ជុំវិញបញ្ហានេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងសីលធម៌សង្គម បានលើកឡើងអំពីផលប៉ះពាល់ជាវិជ្ជមាន អវិជ្ជមាន រួមទាំងយោបល់កែលម្អបន្ថែម ដើម្បីធ្វើយ៉ាងណាឱ្យវិធានការនេះទទួលបានប្រសិទ្ធភាពខ្ពស់ និងយូរអង្វែង។
នៅក្នុងទិដ្ឋភាពនៃផលវិជ្ជមាន លោកបណ្ឌិតបានកត់សម្គាល់ឃើញថា ក្នុងករណីដែលការផ្តល់រង្វាន់ត្រូវបានអនុញ្ញាតឱ្យដំណើរការដោយសេរី និងបើកចំហ វានឹងបង្កើតឱ្យមានផលប្រយោជន៍មួយចំនួនទៅលើផ្នែកសេដ្ឋកិច្ច។ សម្រាប់អ្នកប្រើប្រាស់ និងអ្នកទិញផ្ទាល់ ពួកគេចំណាយថវិកាតិច ប៉ុន្តែមានឱកាសទទួលបានភេសជ្ជៈ ឬគ្រឿងស្រវឹងក្នុងបរិមាណកាន់តែច្រើន តាមរយៈការឈ្នះរង្វាន់ដូរបានផលិតផលដដែល ឬរង្វាន់ជាវត្ថុមានតម្លៃផ្សេងៗ។ ស្របពេលជាមួយគ្នានេះ សម្រាប់អ្នកផលិត អ្នកនាំចូល និងអាជីវករ ការផ្សងសំណាងជាមួយរង្វាន់នេះ គឺជាឧបករណ៍ជំរុញការលក់ដ៏មានឥទ្ធិពល ដែលធ្វើឱ្យអាជីវកម្មប្រកួតប្រជែងគ្នាយ៉ាងសកម្ម ទទួលបានប្រាក់ចំណេញខ្ពស់ និងជួយជំរុញចរន្តសេដ្ឋកិច្ចឱ្យមានលំហូរលុយកាក់ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ព្រមទាំងជួយបង្កើនចំណូលពន្ធជូនរដ្ឋផងដែរ។
ទោះជាយ៉ាងណាក៏ដោយ បើក្រឡេកមកមើលទិដ្ឋភាពនៃផលអវិជ្ជមានវិញ ការផ្សព្វផ្សាយលក់ដោយភ្ជាប់រង្វាន់នេះបានក្លាយជាកាតាលីករដ៏គ្រោះថ្នាក់ដែលជំរុញឱ្យការទទួលទានគ្រឿងស្រវឹង និងភេសជ្ជៈប៉ូវកម្លាំងកើនឡើងលើសលប់។ លោកបណ្ឌិត ឈត ប៊ុនថង បានសង្កត់ធ្ងន់ថា ភាពទាក់ទាញនៃរង្វាន់បានធ្វើឱ្យពលរដ្ឋទិញទៅទទួលទានកាន់តែច្រើន ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរាងកាយ និងខួរក្បាល ព្រមទាំងប្រឈមខ្ពស់នឹងជំងឺរ៉ាំរ៉ៃដូចជាជំងឺទឹកនោមផ្អែមជាដើម។ លើសពីនេះទៅទៀត វាក៏បានបង្កើតជាបន្ទុកសេដ្ឋកិច្ច និងសង្គមយ៉ាងធ្ងន់ធ្ងរ ដោយសារតែឈ្លក់វង្វេងនឹងការសេពគ្រឿងស្រវឹងធ្វើឱ្យបាត់បង់កម្លាំងពលកម្ម មិនអាចទៅប្រកបការងាររកស៊ី បាត់បង់ប្រភពចំណូល ប៉ះពាល់ដល់ជីវភាពគ្រួសារ និងការសិក្សារបស់កូនចៅ។ កាន់តែធ្ងន់ធ្ងរជាងនេះ ការស្រវឹងខ្វះការគ្រប់គ្រងស្មារតីបានឈានទៅរកការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ និងបង្កបញ្ហាអសន្តិសុខសង្គម ខណៈដែលសេដ្ឋកិច្ចជាតិទាំងមូលត្រូវខាតបង់ផលិតភាពដោយសារតែការបាត់បង់កម្លាំងពលកម្មសកម្ម និងត្រូវចំណាយថវិកាច្រើនលើការព្យាបាលជំងឺ។
សូមស្ដាប់ការពន្យល់របស់បណ្ឌិត ឈត ប៊ុនថង៖
យោងលើផលប៉ះពាល់ទាំងសងខាងនេះ លោកបណ្ឌិត ឈត ប៊ុនថង បានបង្ហាញទស្សនៈរបស់លោកថា វិធានការហាមឃាត់ការភ្ជាប់រង្វាន់នេះ ពិតជាបានចូលរួមចំណែកមួយផ្នែកដែរក្នុងការកាត់បន្ថយកម្លាំងជម្រុញឱ្យមនុស្សទទួលទានភេសជ្ជៈប៉ូវកម្លាំង និងគ្រឿងស្រវឹងជាពិសេសស្រាបៀរ និងជួយកាត់បន្ថយការចំណាយមិនចាំបាច់ ប៉ុន្តែវាហាក់បីដូចជាមិនទាន់មានលក្ខណៈខ្លាំងក្លា ឬជាដុំកំភួនគ្រប់គ្រាន់ ដើម្បីដោះស្រាយឫសគល់ នៃបញ្ហានៅឡើយទេ។ លោកបានផ្តល់អនុសាសន៍ថា ដើម្បីឱ្យវិធានការនេះមានប្រសិទ្ធភាពពេញលេញ រដ្ឋាភិបាលចាំបាច់ត្រូវតែផ្តោតលើការអប់រំ និងការបកស្រាយពន្យល់ឱ្យបានស៊ីជម្រៅ ងាយយល់ ដល់ពលរដ្ឋអំពីផលប៉ះពាល់រយៈពេលខ្លី និងរយៈពេលវែង ទាំងចំពោះបុគ្គល គ្រួសារ និងសង្គមជាតិ ដោយផ្តើមចេញពីកម្រិតគ្រួសារ សាលារៀន និងប្រព័ន្ធផ្សព្វផ្សាយ។ ជាមួយគ្នានេះ ការចូលរួមពីអ្នកជំនាញផ្នែកសុខភាពដើម្បីកែប្រែផ្នត់គំនិតពលរដ្ឋគឺជារឿងមិនអាចខ្វះបាន ហើយអ្វីដែលជាដំណោះស្រាយចុងក្រោយ និងមានទម្ងន់បំផុត គឺការឈានទៅបង្កើតច្បាប់គ្រប់គ្រងគ្រឿងស្រវឹង ឬភេសជ្ជៈដែលមានហានិភ័យខ្ពស់ ដើម្បីធានាបាននូវការអនុវត្តប្រកបដោយតម្លាភាព និងនិរន្តរភាពសម្រាប់សង្គមជាតិទាំងមូល។
សូមស្ដាប់ការពន្យល់របស់បណ្ឌិត ឈត ប៊ុនថង
សូមជម្រាបថា កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៦ រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដាក់ចេញនូវវិធានការបញ្ឈប់ការផ្ដល់រង្វាន់សម្រាប់ភេសជ្ជៈប៉ូវកម្លាំង និងគ្រឿងស្រវឹងចាប់ពីដើមខែតុលា ឆ្នាំ២០២៦ តទៅ។ ដូច្នេះចាប់ពីថ្ងៃទី ១ ខែតុលា តទៅ គ្រប់សហគ្រាសទាំងអស់មិនត្រូវបានអនុញ្ញាតឱ្យផ្តល់រង្វាន់ និងមិនត្រូវមានការបញ្ជាទិញថ្មី នាំចូល ឬផលិត នូវគម្របដបផលិតផលភេសជ្ជៈប៉ូវកម្លាំង និងគ្រឿងស្រវឹង ដែលមានការផ្តល់រង្វាន់ទៀតឡើយ៕




