បែកធ្លាយរាល់ថ្ងៃ ករណីប្រទេសថៃ ពិសេសទីក្រុងទេសចរណ៍ធំៗដូចជា បាងកក ភូកេត ប៉ាត់តាយ៉ា ជាសម្បុកដ៏សុខសាន្តសម្រាប់ឱ្យលកតុមឧក្រិដ្ឋជនលួចលាក់ខ្លួន ឧទាហរណ៍ដូចជាថ្មីៗ នេះ ក្រុម CIB ថៃ បានរកឃើញ មេខ្លោងឆបោកអនឡាញដ៏ធំជនជាតិកូរ៉េខាងត្បូងឈ្មោះ Sang-cheon អាយុ ៣៧ឆ្នាំ ដែលជាមុខសញ្ញាមានដីកាក្រហមពី Interpol កំពុងលាក់ខ្លួននៅទីក្រុងទេសចរណ៍ប៉ាតាយ៉ា។

ជនសង្ស័យរូបនេះត្រូវបានចោទប្រកាន់ថា ជាសមាជិកដ៏សំខាន់នៃក្រុម Call Center ដែលបានបោកប្រាស់ជនរងគ្រោះអស់ប្រាក់ប្រមាណ ៩លានបាត ត្រឹមតែក្នុងអំឡុងខែសីហាកន្លងទៅប៉ុណ្ណោះ។ ការដែលជនសង្ស័យដែលមានដីកាចាប់ខ្លួនកម្រិតពិភពលោក អាចមកសម្ងំរស់នៅយ៉ាងរំភើយក្នុងទីក្រុងប៉ាតាយ៉ា បានចោទជាសំណួរថា តើប្រព័ន្ធគ្រប់គ្រងជនបរទេស និងអន្តោប្រវេសន៍ថៃ មានចន្លោះប្រហោងកម្រិតណា?

យ៉ាងណា នេះមិនមែនជាលើកទីមួយទេ ដែលឧក្រិដ្ឋជនអន្តរជាតិជ្រើសរើសទីក្រុងទេសចរណ៍របស់ថៃ ដើម្បីធ្វើជាមូលដ្ឋានបង្អែកក្នុងការប្រព្រឹត្តបទល្មើស ឬលាក់ខ្លួន។ វាហាក់បីដូចជាថៃកំពុងរងការរិះគន់ថា ធូររលុងក្នុងការត្រួតពិនិត្យ ធ្វើឱ្យក្រុមចោរអាជីពចាត់ទុកទឹកដីនេះជាកន្លែងមានសុវត្ថិភាពសម្រាប់ពួកគេ។ របរឆបោកតាម Call Center កំពុងរាតត្បាតយ៉ាងខ្លាំងក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយការដែលថៃក្លាយជាចំណុចកណ្តាលនៃការស្នាក់នៅរបស់មេខ្លោងទាំងនេះ គឺជាក្តីបារម្ភដ៏ធំសម្រាប់សន្តិសុខក្នុងតំបន់។

ទោះបីជាអាជ្ញាធរថៃបង្ហាញលទ្ធផលនៃការចាប់ខ្លួនក៏ដោយ ប៉ុន្តែមហាជននៅតែមើលឃើញថា នេះគ្រាន់តែជាការដេញតាមបង្ក្រាបចុងដៃចុងជើងប៉ុណ្ណោះ។ ដរាបណាវិធានការណ៍រឹតបន្តឹងលើជនបរទេសដែលចូលមកក្នុងរូបភាពជាអ្នកទេសចរ ប៉ុន្តែមកប្រព្រឹត្តបទល្មើសមិនត្រូវបានធ្វើឡើងឱ្យតឹងរ៉ឹងទេនោះ ប្រទេសថៃនឹងនៅតែបន្តរងការរិះគន់ថាជា សម្បុកនៃក្រុមក្មេងទំនើងឆ្លងដែនដដែល។

ប្រភព៖ The Nation Thailand

Share.