ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារសម្រាប់ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងអង្គការជាតិ-អន្តរជាតិ និងវិស័យឯកជន ដើម្បីពិនិត្យវាយតម្លៃលទ្ធផល និងកំណត់យុទ្ធសាស្ត្របន្ត។

យោងតាមរបាយការណ៍ ឆ្នាំ២០២៥ សមត្ថកិច្ចបានពិន័យយានយន្តល្មើសច្បាប់សរុប ៤៧,៣៨៨ គ្រឿង ក្នុងនោះ ម៉ូតូ និងត្រីចក្រយានយន្ត ៦០% ខណៈរថយន្តមាន ៤០%។ ក្នុងឆ្នាំដដែល គ្រោះថ្នាក់ចរាចរណ៍កើតមានសរុប ២,៣៤៥ លើក (កើតនៅពេលយប់ ៥៨%) បណ្តាលឲ្យមានអ្នកស្លាប់ ១,៤៦៧ នាក់ និងរបួស ៣,២១៣ នាក់ ក្នុងនោះរបួសធ្ងន់ ១,៨៦៩ នាក់។

បើប្រៀបធៀបនឹងឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍បានថយចុះ ១៨% ចំនួនអ្នកស្លាប់ថយចុះ ៣% និងអ្នករបួសថយចុះ ១៤% បង្ហាញពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងកិច្ចសហការរវាងភាគីពាក់ព័ន្ធ។

អាជ្ញាធរបានបញ្ជាក់ថា លទ្ធផលនេះកើតចេញពីការខិតខំរួមគ្នារបស់ស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងដៃគូអភិវឌ្ឍន៍ ខណៈទិសដៅឆ្នាំ២០២៦ នឹងបន្តពង្រឹងការអនុវត្តច្បាប់ និងការផ្សព្វផ្សាយអប់រំសុវត្ថិភាពចរាចរណ៍ឲ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕

Share.