ភ្នំពេញ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ នៅខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះ។


តាមប្រភពព័ត៌មាន នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ ដេីមបណ្ដឹងឈ្មោះ ផាន់ សុផាណា ភេទស្រី អាយុ៤៤ឆ្នាំ បានមកដាក់ពាក្យបណ្ដឹងនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល។បន្ទាប់ពីទទួលបណ្ដឹង និងអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ កម្លាំងជំនាញបានចុះស៊ើបអង្កេត និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង២១៖២៥នាទី នៅចំណុចភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ វ៉ាន់ វណ្ណៈ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅសង្កាត់ចោមចៅទី២។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតម៉ូតូចំនួន១គ្រឿង ម៉ាក Honda Click ពណ៌ស ផលិតឆ្នាំ២០២១ ពាក់ផ្លាកលេខ កណ្តាល 1AM-8301 ដែលជារបស់ជនរងគ្រោះ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ខណៈម៉ូតូត្រូវបានប្រគល់ជូនម្ចាស់វិញ៕
អត្ថបទ÷កណ្តាល

