ការដកខ្លួនជាឯកតោភាគីរបស់ថៃចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ ស្តីពីតំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា-ថៃ ធ្វើឱ្យកម្ពុជាពុំមានជម្រើសអ្វីក្រៅពីពឹងផ្អែកទៅលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ដែលបើកផ្លូវឱ្យភាគីទី៣ ចូលរួមរកយុត្តិធម៌ ត្បិតកម្ពុជាមិនព្រមទទួលយកយន្តការដោះស្រាយទ្វេភាគីណាមួយជំនួស MoU 2001 ដែលមានស្រាប់ឡើយ។


សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា គាំទ្រយ៉ាងពេញទំហឹងនូវគោលជំហររបស់រាជរដ្ឋាភិបាលលើដំណោះស្រាយស្តីពីតំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា-ថៃ ក្រោយពេលភាគីថៃលុបចោល MOU 2001 ជាឯកតោភាគី។ មិនត្រូវបង្កើតយន្តការទ្វេភាគីជំនួសយន្តការ MOU 2001 នោះឡើយ គឺដំណើរឆ្ពោះទៅតាមយន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ តែម្តង ទើបអាចដោះស្រាយដោយមានភាគីទី៣ ចូលរួមរកយុត្តិធម៌។
សម្តេចតេជោ ហ៊ុន សែន លើកឡើងដូច្នេះតាមរយៈសារដែលបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការ នៅថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦។ ក្នុងសារនោះ សម្តេចតេជោបានឆ្លៀតរំលេចអំពីប្រវត្តិនៃការផ្ដើមបង្កើតឱ្យមានអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ នេះថា សម្តេចបានធ្វើកិច្ចការនេះតាំងពីជំនាន់អតីតនាយករដ្ឋមន្ត្រីថៃ ឆាតឆៃ ឈុណ្ឌហាវ៉ាន់ តាំងពីឆ្នាំ១៩៨៩ រហូតដល់ឆ្នាំ១៩៩០ និងបន្តមកដល់ការចុះហត្ថលេខាលើ MOU 2001។

សូមជម្រាបថា កាលពីល្ងាចថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ក្នុងសារដែលបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការថា ក្រោយពេលថៃប្រកាសដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ ដោយឯកតោភាគី, ក្នុងនាមជារដ្ឋដែលគោរព និងប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី កម្ពុជាពុំមានជម្រើសអ្វីក្រៅពីពឹងផ្អែកទៅលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ជាពិសេសយន្តការនៃការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ដែលបង្កើតឡើងក្រោមអនុសញ្ញាមួយនេះនោះទេ។
ដោយឡែកពីខាងភាគីថៃវិញ សារព័ត៌មានក្នុងស្រុកថៃបានចុះផ្សាយសម្រង់សម្តីលោក អានុទិន ឆានវីរកូល ថា រដ្ឋាភិបាលថៃស្វាគមន៍ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលរុញបញ្ហាតំបន់សមុទ្រត្រួតស៊ីគ្នាទៅដោះស្រាយតាមយន្តការច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។ នាយករដ្ឋមន្ត្រីថៃ លោក អនុទិន លើកឡើងថា យ៉ាងហោចណាស់នៅពេលនេះ ប្រទេសទាំងពីរនឹងត្រូវអនុវត្តការងារក្រោមក្របខណ្ឌច្បាប់ដូចគ្នា។ លោក អនុទិន បានបញ្ជាក់បន្ថែមថា ប្រទេសថៃលែងមាន MOU 44 ទៀតហើយ ដូច្នេះរាល់ការពិភាក្សាណាមួយដែលនឹងត្រូវធ្វើឡើងចាប់ពីពេលនេះតទៅ ច្បាប់ និងក្របខណ្ឌថ្មីៗត្រូវតែទទួលបានការព្រមព្រៀងរួមគ្នា។
ចំពោះការសម្រេចចិត្តដកខ្លួនចេញជាឯកតោភាគីរបស់ថៃនេះ សម្តេចតេជោបានព្រមានថា៖ «កម្ពុជាធ្វើដំណើរទៅកាន់ច្បាប់អន្តរជាតិ សូមកុំចោទប្រកាន់ថាកម្ពុជាធ្វើអន្តរជាតូបនីយកម្មបញ្ហទ្វេភាគី និងសូមកុំនិយាយថាធ្លាក់ចូលអន្ទាក់កម្ពុជាដែលចង់ឱ្យភាគីទី៣ ឬអន្តរជាតិចូលរួម និងក៏សូមកុំបបួលកម្ពុជារៀបចំយន្តការទ្វេភាគីថ្មី ជំនួសយន្តការទ្វេភាគីចាស់ ដែលថៃលុបចោលជាឯកតោភាគី»។
ជាចុងក្រោយ សម្តេចសង្ឃឹមថា កម្ពុជានិងថៃនឹងដឹកដៃគ្នាទៅកាន់យន្តការអន្តរជាតិ ដែលមានសមត្ថកិច្ចលើបញ្ហាសមុទ្រ។
កាលពីចុងខែមេសាកន្លងទៅ លោកបណ្ឌិត យង់ ពៅ ធ្លាប់បានលើកឡើងមកកាន់សារព័ត៌មានត្រយងថា ប្រសិនបើថៃប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងជាមួយកម្ពុជា (MoU 2001) ជាឯកតោភាគីដោយគ្មានមូលដ្ឋានច្បាស់លាស់ ដែលស្មើនឹងការល្មើសច្បាប់អន្តរជាតិ (អនុសញ្ញាទីក្រុងវីយែន) ហើយទាមទារឱ្យអនុវត្តច្បាប់អន្តរជាតិមួយទៀត (UNCLOS) ដែលជាគោលការណ៍ច្បាប់អន្តរជាតិគ្រឹះនៃ MoU 2001 នោះ មានន័យថាប្រទេសទាំងពីរអស់មធ្យោបាយចរចាគ្នាហើយ។ ពេលនោះកម្ពុជាអាចនឹងប្រើលទ្ធភាពប្តឹងទៅកាន់អាជ្ញាធរអន្តរជាតិដែលមានសមត្ថកិច្ច ដូចជាតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជាដើម ដែលវាជាសុបិនអាក្រក់ដែលថៃមិនចង់ឃើញឡើយ៕

