ព្រំដែនកម្ពុជា-ថៃ៖ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពរស់នៅ និងការបំពេញភារកិច្ចរបស់កងទ័ពដែលកំពុងប្រចាំការនៅសមរភូមិមុខ តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

ក្នុងឱកាសនេះ មេបញ្ជាការបានលើកឡើងថា កងទ័ពដឹកជញ្ជូនមានតួនាទីសំខាន់ដូចជា “សរសៃឈាម” នៃសមរភូមិ ដែលត្រូវតែត្រៀមខ្លួនជានិច្ច ក្នុងការបម្រើជាតិ និងប្រជាជន ទោះបីជាស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។

លោកបានណែនាំឱ្យកងទ័ពបន្តពង្រឹងស្មារតីមោះមុត រក្សាសាមគ្គីភាពផ្ទៃក្នុង និងយកចិត្តទុកដាក់ថែទាំមធ្យោបាយដឹកជញ្ជូន និងសម្ភារៈបច្ចេកទេស ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការចល័តកម្លាំង និងផ្គត់ផ្គង់ស្បៀងអាហារ។

ជាមួយគ្នានេះ ក៏បានក្រើនរំលឹកឱ្យបន្តលើកកម្ពស់ការប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារបូរណភាពទឹកដី និងបម្រើប្រជាជននៅតាមតំបន់ព្រំដែន។

ក្រៅពីការចុះពិនិត្យ មេបញ្ជាការក៏បាននាំយកស្បៀងអាហារ ភេសជ្ជៈ និងថវិកាមួយចំនួន ចែកជូនកងទ័ព ដើម្បីលើកទឹកចិត្ត និងជួយសម្រួលជីវភាពរស់នៅ។

សកម្មភាពនេះ បានជួយលើកទឹកចិត្តដល់នាយទាហាន នាយទាហានរង និងពលទាហាន ឱ្យមានកម្លាំងចិត្តបន្ថែមក្នុងការបំពេញភារកិច្ច និងធានាបាននូវប្រសិទ្ធភាពការងារដឹកជញ្ជូននៅសមរភូមិជួរមុខ៕

Share.