ក្រសួងយុត្តិធម៌ និងបណ្តាស្ថាប័ននរគបាល និងកងទ័ព បានបើកកិច្ចប្រជុំអន្តរស្ថាប័នមួយ ដើម្បីពិនិត្យក្របខ័ណ្ឌច្បាប់ដែលមានស្រាប់ ក្នុងការអនុវត្តវិធានការបញ្ជូនក្រុមក្មេងទំនើងឱ្យទៅបំពេញការងារគាំទ្រផលប្រយោជន៍ជាតិនៅតាមបណ្តោយព្រំដែន និងការស្តារនីតិសម្បទា ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល។




ក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធនឹងវិធានការដែលត្រូវអនុវត្តចំពោះករណីក្មេងទំនើង ត្រូវបានលើកយកទៅប្រជុំពិនិត្យពិភាក្សាជាអន្តរស្ថាប័ននៅថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ ២០២៦ នៅទីស្ដីការក្រសួងយុត្តិធម៌។ កិច្ចប្រជុំនេះដឹកដោយឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយមានការចូលរួមដោយផ្ទាល់ពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ, ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធរួមមាន ក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងព្រះរាជអាជ្ញានៃអយ្យការអមសាលាជម្រះក្តីមួយចំនួន។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងពិនិត្យ ពិភាក្សាលើទិដ្ឋភាពច្បាប់ និងវិធានការចាំបាច់និងសមស្រប ដែលអាចប្រើប្រាស់សម្រាប់ឆ្លើយតបទៅនឹងបញ្ហាក្មេងទំនើង សំដៅម៉្យាងអាចឱ្យក្មេងទំនើងបំពេញការងារ ឬធ្វើសកម្មភាពមួយចំនួនដែលគាំទ្រដល់ផលប្រយោជន៍នៅតាមបណ្តោយព្រំដែន និងម៉្យាងទៀត អាចឱ្យក្មេងទំនើងទទួលការអប់រំ កែប្រែ និងស្តារនីតិសម្បទា ដើម្បីធានាការធ្វើសមារហណកម្មចូលមកសង្គមវិញដោយជោគជ័យ និងបានកែប្រែខ្លួនពីក្មេងទំនើងមកជាពលរដ្ឋល្អវិញ ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមរំឭកថាកាលពីពេលកន្លងទៅ សម្ដេចធបិតី ហ៊ុន ម៉ាណែត បានណែនាំឱ្យថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធសិក្សាផ្លូវច្បាប់ ដើម្បីចាត់ចែងយកក្មេងទំនើង ដែលបង្កអសន្តិសុខក្នុងសង្គម ទៅបម្រើការងារនៅសមរភូមិមុខ ដូចជាការ ចាក់បេតុងលេណដ្ឋាន ជាដើម។ គោលបំណងនៃសំណើរនេះ គឺដើម្បីអប់រំក្រុមក្មេងទំនើងឲ្យដឹងពីការលះបង់របស់កងទ័ពក្នុងបុព្វហេតុការពារជាតិ និងដើម្បីភ្ជាប់ពួកគេទៅនឹងការបម្រើជាតិ ព្រមទាំងចៀសវាងការទុកពួកគេនៅពន្ធនាគារដោយឥតមានប្រយោជន៍អ្វីសោះ (ទុកនាំតែបង្ហិនបាយ)។
សម្តេចបានបញ្ជាក់ថា គ្មានគោលការណ៍ឲ្យរៀបចំច្បាប់ថ្មីទេ ប៉ុន្តែជាការសិក្សាផ្លូវច្បាប់ដែលមានស្រាប់។ សម្ដេចសង្កត់ធ្ងន់សាជាថ្មីថា ការបញ្ជូនពួកគេទៅជួរមុខមិនមែនជាការយកទៅឲ្យកាន់កាំភ្លើងប្រយុទ្ធនោះទេ ប៉ុន្តែជាការជួយដល់កម្លាំងកងវិស្វកម្មក្នុងការសាងសង់សំណង់ចាំបាច់៕

