បាត់ដំបង÷ អាជ្ញាធរ មានសមត្ថកិច្ចបានចុះបង្ក្រាបទីតាំងឆបោកតាមអនឡាញ ( Scam )ឃាត់ខ្លួនជនជាតិចិន និងខ្មែរ ២០នាក់នៅតំបន់ព្រំដែនស្រុកកំរៀង។

ប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោងជិត ១២:០០ នាទីថ្ងៃត្រង់ ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៦ ដោយកម្លាំងជំនាញនៃគណៈបញ្ជាការឯកភាពខេត្តបាត់ដំបង បានបើកការបង្ក្រាបទីតាំងបង្កប់ឆបោកតាមប្រព័ន្ធអនឡាញ ( Online Scam ) មួយករណី ឋិតនៅក្នុងចំណុចកាស៊ីណូ អ៊ីហ្គលឃីង ក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង។

យុទ្ធនាការបង្ក្រាប ទប់ស្កាត់ទីតាំងឆបោកតាមប្រព័ន្ធអនឡាញ ( Online Scam )នេះដែរក្រោយការស្រាវជ្រាវជាក់លាក់ ឯកឧត្តម ធូ ភា អភិបាលរងខេត្តបាត់ដំបង ចុះដឹកនាំផ្ទាល់ជាមួយកម្លាំងជំនាញខេត្តនិងកម្លាំងមូលដ្ឋានស្រុកជាច្រើននាក់ ក្នុងនោះឃាត់ខ្លួនមនុស្សសរុបចំនួន ២០នាក់ មានជនជាតិចិនចំនួន ១៧នាក់ ស្រី ២នាក់ និងជនជាតិខ្មែរ ចំនួន ៣នាក់ផងដែរ។

ឯកឧត្តម ធូ ភា បានប្រាប់នៅថ្ងៃទី ០៦ ខែឧសភា នេះថា÷ ករណីនេះកំពុងដំណើរការនីតិវិធី។

ក្នុងការបង្ក្រាបសមត្ថកិច្ចដកហូតវត្ថុតាងជាច្រើនរួមមាន ទូរស័ព្ទដៃចំនួន ៣០៥ គ្រឿង កុំព្យុទ័រ ( PC Laptop ) ជាង ១០០ គ្រឿង ស៊ីមកាត ឧបករណ៍អាយផេត និងសម្ភារៈបច្ចេកទេសមួយចំនួនធំទៀត។

បច្ចុប្បន្នជនសង្ស័យក៏ដូចជាវត្ថុតាងទាំងអស់បានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីបន្តនីតិវិធី សាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕

អត្ថបទ: ដំបងក្រញូង

Share.