ទោះបីជាប្រទេសថៃព្យាយាមលាបពណ៌ទីក្រុងប៉ាតាយ៉ា ឱ្យទៅជា «ឋានសួគ៌ទេសចរណ៍» និងផ្សព្វផ្សាយពាក្យស្លោក «ទឹកដីនៃស្នាមញញឹម» ទៅកាន់ពិភពលោកយ៉ាងណាក៏ដោយ ប៉ុន្តែការពិតដ៏ខ្មៅងងឹតនៃបទឧក្រិដ្ឋ និងអំពើហិង្សានៅតែបន្តលងបន្លាចភ្ញៀវបរទេសមិនចេះចប់មិនចេះហើយ។
ជាក់ស្ដែងកាលពីយប់ថ្ងៃទី៥ ខែឧសភា នេះ យុវតីកែភេទ ២នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីបានបង្កហិង្សាយកកន្ត្រៃចាក់ និងប្លន់ប្រាក់រាប់ពាន់ដុល្លារពីភ្ញៀវទេសចរជនជាតិអូស្ត្រាលីម្នាក់ នៅក្នុងបន្ទប់ស្នាក់នៅមួយកន្លែងក្នុងតំបន់ប៉ាតាយ៉ា។

ជនរងគ្រោះឈ្មោះ Alikosh អាយុ ៤៥ឆ្នាំ បានធ្លាក់ក្នុងអន្ទាក់បោកបញ្ឆោតសម្រស់ ដោយបាននាំយុវតីកែភេទ២នាក់ ទៅកាន់បន្ទប់ស្នាក់នៅ ព្រោះតែជឿជាក់ថាពួកគេជាស្រីពិត។ ប៉ុន្តែស្នាមញញឹមបានប្រែជាភាពភ័យខ្លាច នៅពេលការពិតត្រូវបានលាតត្រដាងព្រោះតែពួកគេជាស្រីកែភេទ។ ជម្លោះបានផ្ទុះឡើង ហើយអ្វីដែលមិនគួរឱ្យជឿនោះគឺ ជនសង្ស័យដែលមានអាយុត្រឹមតែ ១៦ និង ១៧ ឆ្នាំ បានប្រើកន្ត្រៃចាក់ចំដើមទ្រូងជនរងគ្រោះយ៉ាងសាហាវ មុននឹងប្រមូលប្រាក់ចំនួន ៦,០០០ដុល្លារអូស្ត្រាលី (ប្រហែល ១៤០,០០០ បាត) រត់គេចខ្លួនបាត់។


យ៉ាងណា ករណីនេះមិនមែនជារឿងថ្មីនោះទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីបញ្ហាដែលកំពុងចាក់ស្រេះក្នុងវិស័យទេសចរណ៍របស់ថៃ ទោះបីជាថៃព្យាយាមផ្សព្វផ្សាយយ៉ាងណាក៏ដោយ ប៉ុន្តែតំបន់កម្សាន្តពេលរាត្រីដូចជាប៉ាតាយ៉ា នៅតែជាកន្លែងគ្រោះថ្នាក់បំផុតសម្រាប់ភ្ញៀវបរទេស ដែលងាយនឹងធ្លាក់ក្នុងអន្ទាក់បោកបញ្ឆោត និងអំពើហិង្សា។

ការដែលជនសង្ស័យមានអាយុត្រឹមតែ ១៦ និង ១៧ឆ្នាំ ហ៊ានប្រព្រឹត្តបទឧក្រិដ្ឋសាហាវបែបនេះ បង្ហាញពីការធ្លាក់ចុះនៃសីលធម៌ និងការខ្វះការគ្រប់គ្រងលើមុខរបរផ្លូវភេទខុសច្បាប់ដែលពាក់ព័ន្ធនឹងអនីតិជន។ ជាពិសេសទង្វើរបស់បុគ្គលមួយចំនួនតូចក្នុងសហគមន៍ភេទទីបី បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់សហគមន៍ទាំងមូល និងបង្កើតជាការរើសអើងកាន់តែខ្លាំងពីសំណាក់ភ្ញៀវទេសចរផងដែរ៕

