ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាពេលថ្មីៗបានឱ្យដឹងថា នៅលើបណ្ដាញសង្គមហ្វេសប៊ុកមានការផ្សព្វផ្សាយ និងប្រើប្រាស់រូបភាពអំពីការតុបតែងសម្លៀកបំពាក់ និងគ្រឿងលម្អក្នុងពិធីអាពាហ៍ពិពាហ៍ ដែលគ្រឿងលម្អទាំងនោះខ្លះមានលក្ខណៈក្លែងបន្លំ ឬយកតាមគំរូពីគ្រឿងឥស្សរិយយសព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ ដែលជាគ្រឿងឥស្សរិយយសដ៏ថ្លៃថ្លាខ្ពង់ខ្ពស់បំផុតរបស់ជាតិ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ច្បាស់ៗថា គ្រឿងឥស្សរិយយសនេះត្រូវបានបង្កើតឡើងសម្រាប់ប្រើប្រាស់ដោយព្រះមហាក្សត្រតែមួយអង្គប៉ុណ្ណោះ។ ការក្លែងបន្លំ ឬយកតាមគំរូនេះ គឺជាកំហុសធ្ងន់ធ្ងរ ដែលមិនអាចលើកលែងបាន ហើយនឹងត្រូវផ្តន្ទាទោសតាម មាត្រា ៤៣៧ នៃក្រមព្រហ្មទណ្ឌ ស្តីពីការក្លែងបន្លំគ្រឿងឥស្សរិយយស។

ក្នុងន័យនេះ ក្រសួងសុំឲ្យបុគ្គលទាំងឡាយណាដែលបានប្រើប្រាស់ ក្លែងបន្លំ ឬផ្សព្វផ្សាយរូបភាពជាមួយគ្រឿងលម្អប្រភេទនេះ ត្រូវបញ្ឈប់ និងលុបចោលរូបភាពទាំងនោះជាបន្ទាន់។ ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលដែលនៅតែបន្តក្លែងបន្លំ ឬប្រើប្រាស់គ្រឿងលម្អដែលយកតាមគំរូគ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្ពស់បំផុតរបស់ជាតិ។

ជាថ្មីម្ដងទៀត ក្រសួងវប្បធម៌ក៏បានណែនាំដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈទាំង ២៥ រាជធានី-ខេត្ត បន្តពង្រឹងសកម្មភាពណែនាំដោយផ្ទាល់ទៅកាន់សិល្បករ សិល្បការិនី អាជីវករ អ្នកពាក់ព័ន្ធនឹងការសិប្បកម្មគ្រឿងអលង្ការ ហាងថតរូប និងមុខរបរផ្សេងៗទៀតដែលពាក់ព័ន្ធនឹងការរៀបអាពាហ៍ពិពាហ៍ ឲ្យបញ្ឈប់ជាបន្ទាន់ និងជៀសវាងការបន្តប្រើប្រាស់គ្រឿងក្លែងបន្លំតាមគំរូគ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្ពស់នេះ៕

Share.