សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញ “ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែឧសភា នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។

ការអញ្ជើញរបស់សម្តេចមហាបវរធិបតីធ្វើឡើងតបតាមការអញ្ជើញរបស់ ប្រធានាធិបតី ហ្វីលីពីន ដែលជាប្រធានប្តូរវេនអាស៊ាន ឆ្នាំ២០២៦ និងគណៈប្រតិភូជាន់ខ្ពស់អមដំណើរចូលរួមកិច្ចប្រជុំដោយឯកឧត្តមឧបនាយរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងតំណាងធុរកិច្ចមកពីសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា។
កិច្ចប្រជុំខាងលើធ្វើឡើងក្រោមមូលបទ «ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា» កិច្ចប្រជុំកំពូលនឹងផ្តល់វេទិកាសម្រាប់ថ្នាក់ដឹកនាំអាស៊ានដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗទាក់ទងនឹងការកសាងសហគមន៍អាស៊ាន និងមាគ៌ាឆ្ពោះទៅមុខដោយផ្តោតលើ៖ ១-ការធានាសន្តិសុខថាមពលក្នុងតំបន់ និងភាពធន់ ២-ស្ថិរភាពសន្តិសុខស្បៀង ៣-សុវត្ថិភាពនៃពលរដ្ឋអាស៊ាននិងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ក្នុងគោលបំណងជំរុញអនាគតមួយប្រកបដោយសន្តិភាព វិបុលភាព បរិយាបន្ន និងភាពធន់។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំអាស៊ាន ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក ក៏ដូចជាផលប្រយោជន៍រួម៕

