នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) ដែលប្រារព្ធធ្វើឡើងនៅកោះសេប៊ូ ប្រទេសហ្វីលីពីន។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា ក្នុងខណៈពេលដែលបណ្តាប្រទេសអាស៊ាន និងដៃគូកំពុងអបអរសាទរខួប៥០ឆ្នាំ នៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) កម្ពុជាសូមបញ្ជាក់ជាថ្មីនូវសារៈសំខាន់នៃសន្ធិសញ្ញានេះ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាពក្នុងតំបន់ កិច្ចសន្ទនាដោយសន្តិវិធី ព្រមទាំងកិច្ចសហប្រតិបត្តិការរួមគ្នា ជាពិសេសក្នុងបរិបទភូមិសាស្ត្រនយោបាយដែលកាន់តែស្មុគស្មាញ និងមិនអាចប៉ាន់ស្មានបាន។
ថ្លែងក្នុងស្មារតីសាមគ្គីភាពអាស៊ាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា កម្ពុជាបន្តត្រៀមខ្លួនក្នុងការជួយកសាងសមត្ថភាព និងផ្តល់ជំនួយបច្ចេកទេសដល់ទីម័រឡេស្តេ ដើម្បីធានានូវភាពជោគជ័យក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ចំពោះការចូលជាភាគីនៃលិខិតុបករណ៍គតិយុត្តនានាក្រោមសសរស្តម្ភទាំងបីរបស់អាស៊ាន។

ការអញ្ជើញចូលរួមកិច្ចប្រជុំ AMM នៅពេលនេះ បានបង្ហាញពីការចូលរួមយ៉ាងសកម្ម និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ស្របតាមការកសាងសហគមន៍អាស៊ានឱ្យកាន់តែរឹងមាំ ស្វាហាប់ និងឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាប្រកបដោយប្រសិទ្ធភាព៕

