ថវិកាប្រមាណ ៤,៥៤ លានដុល្លារអាម៉េរិក ដែលបានមកពីការបរិច្ចាគរបស់សប្បុរសជន និងការកាត់កម្រៃសំបុត្រអង្គរប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ ត្រូវបានមូលនិធិគន្ធបុប្ផាកម្ពុជា ប្រគល់ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីគាំទ្រដល់ការព្យាបាលកុមារ និងស្ត្រីមានផ្ទៃពោះដោយឥតគិតថ្លៃ។


បន្ទាប់ពីទទួលបានការសម្រេចដ៏ខ្ពង់ខ្ពស់របស់ក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា, ក្រុមការងារអង្គភាពប្រតិបត្តិនៃមូលនិធិគន្ធកម្ពុជា បានប្រគល់ថវិកាសមមូលនឹងចំនួនប្រមាណ ៤ ៥៤១ ៨២២ ដុល្លារអាម៉េរិក ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបន្តបេសកកម្មផ្ដល់សេវាពិនិត្យ និងព្យាបាលទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។
ក្នុងចំណោមថវិកាទាំងអស់នេះ, ថវិកាចំនួន ៤ លានដុល្លារអាម៉េរិក ទទួលបានពីការបរិច្ចាគពីសប្បុរសជននានា និងថវិកាចំនួន ៥៤១ ៨២២ ដុល្លារអាម៉េរិកទៀត ទទួលបានពីការកាត់កម្រៃសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦។
ដោយឡែក បើតាមការចុះផ្សាយរបស់មូលនិធិគន្ធបុប្ផាបានឲ្យដឹងថា រយៈពេល៣ខែដំបូង ក្នុងឆ្នាំ២០២៦នេះ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានចំណាយថវិកាប្រមាណ ១១លានដុល្លារ រួចទៅហើយ ដើម្បីជួយសង្រ្គោះទារក និងកុមារ។ ក្នុងនោះកុមារដែល បានសម្រាកក្នុងមន្ទីរពេទ្យ មានជិត៦ម៉ឺននាក់ ចំណែកករណីវះកាត់ធំ មានប្រមាណ ៨ពាន់ករណី។
សូមជម្រាបថា កាលពីឆ្នាំ ២០២៥កន្លងទៅ មន្ទីរពេទ្យគន្ធបុប្ផានៅភ្នំពេញ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ (មន្ទីរពេទ្យគន្ធបុប្ផាសៀមរាប) នៅខេត្តសៀមរាប បានពិនិត្យព្យាបាលកុមារ និងស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃបានជាង ១,៤លានករណី ដោយបានចំណាយថវិកាសរុបជាង ៤៦លានដុល្លារ។ នេះបើតាមការចេញផ្សាយរបស់មន្ទីរពេទ្យគន្ធបុប្ផា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦កន្លងទៅ។
ជាចុងក្រោយមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនទាំងអស់ដែលបានបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នានាំភាពញញឹម និងក្តីសង្ឃឹមដល់ទារក និងកុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា៕

