ម៉ានីល៖ ប្រទេសហ្វីលីពីន កាលពីថ្ងៃពុធ ទី៦ ឧសភា ម្សិលម៉ិញ បានអំពាវនាវឱ្យប្រទេសមីយ៉ាន់ម៉ា អនុញ្ញាតឱ្យប្រេសិតពិសេសរបស់អាស៊ាន ចូលជួបមេដឹកនាំដែលកំពុងជាប់ឃុំគឺ លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ដើម្បីជំរុញឱ្យមានតម្លាភាពកាន់តែខ្លាំង បន្ទាប់ពីអាជ្ញាធរបានអនុញ្ញាតឱ្យលោកស្រីបន្តអនុវត្តទោសដែលនៅសេសសល់ តាមរយៈការឃុំខ្លួនក្នុងផ្ទះវិញ។

ក្នុងនាមជាម្ចាស់ផ្ទះផ្លាស់វេនរបស់អាស៊ានសម្រាប់ឆ្នាំនេះ ប្រទេសហ្វីលីពីនបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងចាត់ទុកការវិវត្តទាំងនេះថាជាជំហានដ៏សំខាន់ ក្នុងដំណើរការនៃវិធានការកសាងទំនុកចិត្ត ដែលចាំបាច់សម្រាប់ស្ថិរភាពជាតិរយៈពេលវែងនៅក្នុងប្រទេសមីយ៉ាន់ម៉ា»

ក្រសួងការបរទេសហ្វីលីពីន បានបញ្ជាក់ថា មីយ៉ាន់ម៉ាគួរតែអនុញ្ញាតឱ្យលោកស្រី អ៊ុងសាន ស៊ូជី អាចទាក់ទងជាមួយក្រុមគ្រួសាររបស់លោកស្រី ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តពិតប្រាកដ ចំពោះការបង្រួបបង្រួមជាតិ។ ការអនុញ្ញាតឱ្យប្រេសិតពិសេសអាស៊ានចូលជួប នឹងជួយគាំទ្រដល់ការចូលរួមជាមួយភាគីពាក់ព័ន្ធទាំងអស់ និងជំរុញឱ្យមានកិច្ចសន្ទនាជាតិប្រកបដោយបរិយាបន្ន។

លើសពីនេះ ហ្វីលីពីនក៏បានសង្កត់ធ្ងន់ថា ការវិវត្តចុងក្រោយនេះ គួរតែត្រូវបានប្រើប្រាស់ដើម្បីបង្កើតជាកម្លាំងចលករ សម្រាប់កិច្ចសន្ទនានយោបាយ និងការបង្រួបបង្រួមជាតិនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោមក្របខ័ណ្ឌសន្តិភាពរបស់អាស៊ាន ដែលត្រូវបានគេស្គាល់ថាជា កិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច (Five-Point Consensus)។

គួររំលឹកផងដែរថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានឃុំខ្លួនចាប់តាំងពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី ត្រូវបានផ្តួលរំលំនៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១។ លោកស្រីត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២៧ ឆ្នាំ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទល្មើសជាច្រើន ដែលសម្ព័ន្ធមិត្តរបស់លោកស្រីអះអាងថា ជាការចោទប្រកាន់ដែលមានរឿងនយោបាយនៅពីក្រោយ។

ទោសរបស់លោកស្រីត្រូវបានបន្ធូរបន្ថយចំនួនមួយភាគប្រាំមួយ (១/៦) ដែលជាផ្នែកមួយនៃការលើកលែងទោសកាលពីខែមុន ដល់អ្នកទោសរាប់ពាន់នាក់ ដែលក្នុងនោះក៏មានការដោះលែងសម្ព័ន្ធមិត្តរបស់លោកស្រី គឺអតីតប្រធានាធិបតី លោក វីន ម្យីន (Win Myint) ផងដែរ៕

ប្រភព៖ CNA

Share.