តាមអាជ្ញាធរមីននាពេលថ្មីៗនេះបានឱ្យដឹងថា រដ្ឋាភិបាលចក្រភពអង់គ្លេស បានប្រកាសជាផ្លូវការនូវការបន្តផ្តល់ជំនួយថវិកាចំនួន ១,៦ លានផោន (ប្រមាណ ២,១ លានដុល្លារអាមេរិក) បន្ថែមទៀត សម្រាប់រយៈពេលមួយឆ្នាំ ដើម្បីគាំទ្រដល់សកម្មភាពបោសសម្អាតមីន និងការអប់រំផ្សព្វផ្សាយអំពីការយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះនៅកម្ពុជា។ ការបន្តការប្តេជ្ញាចិត្តនេះ ធ្វើឡើងក្នុងគោលដៅជំរុញឱ្យកម្ពុជាឈានទៅសម្រេចបាននូវចក្ខុវិស័យ «កម្ពុជាគ្មានមីនឆ្នាំ២០២៥» និងបង្កើនសុវត្ថិភាពដល់សហគមន៍មូលដ្ឋាន។

តាមរយៈគម្រោងនេះ ផ្ទៃដីដែលមានហានិភ័យសរុបប្រមាណ ១.៩៤០.០០០ ម៉ែត្រការ៉េ នឹងត្រូវបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ជាមួយគ្នានេះ ប្រជាពលរដ្ឋជាង ៤៤.០០០ នាក់ នឹងទទួលបានការអប់រំអំពីការយល់ដឹងពីគ្រោះថ្នាក់នៃយុទ្ធភណ្ឌគ្រឿងផ្ទុះ ដើម្បីការពារអាយុជីវិត និងកាត់បន្ថយគ្រោះថ្នាក់ជាយថាហេតុ។
ថវិកាជំនួយនេះ នឹងត្រូវបែងចែកទៅកាន់អង្គការដៃគូសំខាន់ៗចំនួនបី រួមមាន៖ ១. អង្គការ HALO Trust និងអង្គការ MAG នឹងផ្តោតលើការបោសសម្អាតមីនលើផ្ទៃដីប្រមាណ ៨៩០.៣០០ ម៉ែត្រការ៉េ ក្នុងខេត្តបាត់ដំបង សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ និងកោះកុង ដែលនឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់អ្នកភូមិជាង ៥.៤១៤ នាក់។
២. អង្គការ APOPO សហការជាមួយអង្គការ CIRD នឹងអនុវត្តគម្រោង “ពីចម្ការមីន ទៅជាវាលស្រែ (Mine Fields to Rice Fields – M2R)” ដោយបញ្ចូលសកម្មភាពបោសសម្អាតមីន ជាមួយនឹងការអភិវឌ្ឍវិស័យកសិកម្ម។ គម្រោងនេះគ្រោងនឹងបោសសម្អាតផ្ទៃដី ១.០៥០.០០០ ម៉ែត្រការ៉េ ដើម្បីប្រគល់ជូនកសិករយ៉ាងតិច ៥០០ គ្រួសារ សម្រាប់ធ្វើការបង្កបង្កើនផលដោយសុវត្ថិភាព។
លោក Dominic Williams MBE ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ចក្រភពអង់គ្លេស និងកម្ពុជា មានទំនាក់ទំនងភាពជាដៃគូយ៉ាងជិតស្និទ្ធ និងទូលំទូលាយ។ យើងបានផ្តល់អាទិភាពដល់ការគាំទ្រសកម្មភាពបោសសម្អាតមីនអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។ យើងជឿជាក់ថាគ្មានសហគមន៍ណាមួយ គួររស់នៅក្នុងភាពភ័យខ្លាចដោយសារគ្រាប់មីននោះទេ។ ការវិនិយោគនេះនឹងធានាថាដីធ្លីមានសុវត្ថិភាព ការងើបឡើងវិញនៃសេដ្ឋកិច្ច និងទំនុកចិត្តរបស់ប្រជាពលរដ្ឋនឹងកាន់តែប្រសើរឡើង។
ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជាក៏បានកោតសរសើរចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមីនកម្ពុជា (CMAA) ដែលជាគន្លឹះនៃភាពជោគជ័យក្នុងបេសកកម្មមនុស្សធម៌នេះ។
ការបន្តផ្តល់ជំនួយនេះ មិនត្រឹមតែជួយសង្គ្រោះជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ តាមរយៈការប្រែក្លាយដីដែលធ្លាប់តែមានគ្រោះថ្នាក់ ឱ្យក្លាយទៅជាដីដែលមានផលិតភាពសម្រាប់សកម្មភាពសេដ្ឋកិច្ច និងការរស់នៅដោយចីរភាពរបស់ប្រជាជនកម្ពុជានៅតាមតំបន់ដែលរងផលប៉ះពាល់ដោយសារសង្គ្រាម៕

