កំពង់ធំ÷ អភិបាលរងស្រុកស្ទោង លើកទឹកចិត្តអាជ្ញាធរឃុំត្រូវធ្វើការបើកផ្លូវឱ្យបានធំទូលាយ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋ។

លោកសួគ៌ ប៊ុនធង បានលើកឡើងដូច្នេះក្នុងគ្រាដែលលោកអញ្ជើញជាអធិបតីភាពក្នុងពិធីប្រការដេញថ្លៃគម្រោងសាងសង់ផ្លូវក្រួសក្រហម ៤ខ្សែ នៅក្នុងឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី០៦ ខែមេសាឆ្នាំ ២០២៦។

លោកបានសង្កត់ធ្ងន់ថា ទាំងផ្លូវដែលកំពុងដាក់ដំណើរការដេញថ្លៃនៅក្នុងឱកាសនេះ និងផ្លូវ ផ្សេងៗទៀតនៅក្នុងឃុំគឺ ជាសសៃឈាមសេដ្ឋកិច្ច ដ៏ចាំបាច់នឹងមានសារៈសំខាន់បំផុតក្នុងការលើកកម្ពស់សេដ្ឋកិច្ចពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសការធ្វើដំណើររបស់សិស្សានុសិស្សទៅសាលារៀនក៏ដូចជាការដឹកជញ្ជូនប្រមូលកសិផលពីស្រែចម្ការទៅកាន់ទីផ្សារថែមទៀត។

ទន្ទឹមនឹងនេះ លោកបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋដែលនៅអមសងខាងផ្លូវត្រូវបន្ត និងចូលរួមថែរក្សាការពារធ្វើអនាម័យជាពិសេសកុំរំលោភបំពានចំណីផ្លូវថែមទាំងថែ
រក្សាប្រពន្ធលូឱ្យបានល្អដើម្បីរំដោះទឹកបញ្ចៀសការកកស្ទះនិងកុំឱ្យមានការខូចខាតផ្លូវ។

ជាចុងបញ្ចប់លោក សួគ៌ ប៊ុនធង បានកោតសរសើរខ្ពស់ដល់ដំណើរការដេញថ្លៃនេះដែលបានប្រព្រឹត្តទៅដោយរលូន និងតម្លាភាពក្រោមក្រសែតភ្នែកអ្នកសារព័ត៌មានជាច្រើនអង្គភាពហើយបានណែនាំ ម្ចាស់ក្រុមហ៊ុន ជាអ្នកឈ្នះក្នុងកាដេញថ្លៃនិងទទួលការ ក្នុងការធ្វើផ្លូវនេះត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស កិច្ចសន្យា ដើម្បីធានាបាននូវសំណង់និងផ្លូវប្រកបដោយគុណភាព ទាន់ពេលវេលានិងប្រើប្រាស់បានយូរអង្វែង។

សូមបញ្ជាក់ថា ពិធីដេញថ្លៃនេះជាគម្រោងមូលនិធិឃុំ ឆ្នាំ២០២៦ ដែលសាងសង់ផ្លូវក្រួសក្រហមប្រវែង១.៨០០ គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ក្រួសក្រហម 0.១៥ម៉ែត្រ កម្ពស់ដីស០.៥ម៉ែត្រ និងលូទោលអង្កត់ផ្ចិត១,០០០មីលីម៉ែត្រ ប្រវែង ៧ម៉ែត្រចំនួន២កន្លែង និងលូទោលអង្កត់ផ្ចិត៨០០មីលីម៉ែត្រ ទទឹង៧ម៉ែត្រចំនួន ១កន្លែង និងស្លាកសញ្ញាមគម្រោងមួយកន្លែង ជាមួយនឹងតម្លៃប៉ាន់ស្មាន ១៩៨,៤២៣,៦៦៨រៀល ។

Share.