ភ្នំពេញ៖ ជនជាតិចិនចំនួន ៥០៦នាក់ ក្នុងនោះស្រី៣នាក់ ដែលពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមរយៈយន្តហោះពិសេស នៅយប់ថ្ងៃទី៦ ឈានចូលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះ អនុវត្តតាមការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ ដោយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិន រៀបចំបណ្ដេញជនជាតិចិនទាំងនេះ ចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ថា ការបណ្ដេញចេញនេះ គឺជាការអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹង ក្នុងយុទ្ធនាការបង្ក្រាប និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅកម្ពុជា ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ និងទប់ស្កាត់មេខ្លោងនៅពីក្រោយសកម្មភាពខុសច្បាប់ទាំងនេះ៕

អត្ថបទ÷ចតុម្មុខ

Share.