វិស័យទេសចរណ៍ថៃ ដែលធ្លាប់ជាម៉ាស៊ីនចំបងនៃសេដ្ឋកិច្ចក្នុងប្រទេសថៃ កំពុងប្រឈមមុខនឹងភាពរង្គោះរង្គើយ៉ាងធ្ងន់ធ្ងរនៅខេត្តតំបន់ឆ្នេរដូចជា ប៉ាត់តាយ៉ា និងភូកេត។ ក្នុងនោះសារព័ត៌មាន Bangkok Post បានផ្សាយថា សណ្ឋាគារជាច្រើនកន្លែងកំពុងរងគ្រោះដោយសារវិបត្តិគ្មានប្រាក់ចំណូល ហើយប្រឈមនឹងការបិទទ្វារតែម្ដង។

ប្រភពសារព័ត៌មានដដែលបានផ្សាយទៀតថា បើតាមទិន្នន័យចុងក្រោយ សណ្ឋាគារនៅប៉ាត់តាយ៉ា ដែលធម្មតាក្នុងរដូវក្ដៅអាចរក្សាបានភាគរយកាន់កាប់បន្ទប់ពី 60-70% ប៉ុន្តែនៅពេលនេះបានត្រឹមតែ 30-40% ប៉ុណ្ណោះ។ កត្តាចម្បងត្រូវម្ចាស់សណ្ឋាគារអះអាងថា គឺគោលនយោបាយធ្វើការពីផ្ទះ និងការសន្សំថាមពល ដែលវាបានកាត់ផ្ដាច់ចំណូលដ៏សំខាន់របស់សណ្ឋាគារដែលមកពីវិស័យសន្និបាត និងក្រុមអតិថិជនមូលដ្ឋាន។

ក្រៅពីនោះ ក្រុមម្ចាស់សណ្ឋាគារបានលើកឡើងពីបញ្ហាថ្លៃដើមថាមពលដ៏ខ្ពស់ និងការតម្លើងថ្លៃសំបុត្រយន្តហោះក្នុងស្រុក ដែលជាហេតុធ្វើឱ្យរាំងស្ទះដល់ចលនាទេសចរក្នុងស្រុក។ ខណៈពេលជើងហោះហើរឆ្ងាយៗថមថយអាត្រាព្រោះតែឡើងថ្លៃសំបុត្រយន្តហោះ ហើយការរំពឹងពីទីផ្សារហោះហើរជិតដូចជា ចិន ឥណ្ឌា ម៉ាឡេស៊ី និងកូរ៉េ ក៏មិនសូវទទួលបានអាត្រាខ្ពស់ផងដែរ។

យ៉ាងណាមិញ វិបត្តិថាមពលសកលនាពេលសព្វថ្ងៃ បានបង្ហាញពីភាពផុយស្រួយនៃវិស័យទេសចរណ៍ដែលពឹងផ្អែកខ្លាំងលើកត្តាខាងក្រៅ។ ម្ចាស់សណ្ឋាគារនៅថៃយល់ឃើញថា បើគ្មានការគាំទ្រទាន់ពេលវេលា និងគ្រប់គ្រាន់ពីសំណាក់រាជរដ្ឋាភិបាលថៃទេនោះ ប៉ាត់តាយ៉ា ឬភូកេត និងទីក្រុងទេសចរណ៍ធំៗផ្សេងទៀត អាចនឹងឃើញសណ្ឋាគារជាច្រើនកន្លែងបិទទ្វារ បុគ្គលិកសណ្ឋាគារបាត់បង់ការងារ ហើយកេរ្ដិ៍ឈ្មោះទេសចរថៃនឹងធ្លាក់ចុះនូវភាពទាក់ទាញក្នុងនាមជាគោលដៅទេសចរណ៍លំដាប់មួយរបស់តំបន់អាស៊ីជាក់ជាមិនខាន៕

Share.