ក្នុងជំនួបសំណេះសំណាលជាមួយមន្ត្រីមូលដ្ឋានជាង ១ពាន់នាក់ក្នុងខេត្តតាកែវ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវការណែនាំសំខាន់ៗមួយចំនួន ដោយក្នុងនោះសម្ដេចសង្កត់ធ្ងន់លើការលើកកម្ពស់សុខុមាលភាពអតីតយុទ្ធជន និងនិវត្តជន និងការពង្រឹងសីលធម៌មន្ត្រីក្នុងការបម្រើសេវាសាធារណៈជូនពលរដ្ឋឱ្យបានលឿន និងប្រកបដោយភាពស្មោះត្រង់។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៃខេត្តតាកែវ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យអាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់គ្រប់គ្រង និងជួយមើលថែចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តជនដែលមានក្នុងមូលដ្ឋាន។ សម្ដេចតេជោចង្អុលបង្ហាញថា «គប្បីយកចិត្តទុកដាក់ចំពោះពួកគាត់ ជាក់ស្តែងកន្លងមក ការបញ្ចូលគ្នាជាសមាគមអតីតយុទ្ធជន និងនិវត្តជន គឺជាការផ្តល់ការយកចិត្តទុកដាក់លើជនស៊ីវិលចូលនិវត្តន៍ ជៀសវាងទុកពួកគាត់នៅក្នុងភាពឯកោ ហើយត្រូវផ្តល់ភាពកក់ក្តៅដល់ពួកគាត់ និងរៀបចំកម្មវិធីជួបជុំ ឱ្យតម្លៃលើមន្ត្រីជើងចាស់ ដែលធ្លាប់លះបង់លើការបម្រើការងារជូនជាតិនាពេលកន្លងមក។»

ក្រៅពីនេះ សម្តេចតេជោក៏បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់ និងសេវាតម្រូវការនានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ជៀសវាងបង្កនូវបញ្ហានានាដែលនាំឱ្យមានការថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ។

សម្ដេចតេជោក៏បានដាស់តឿនដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចងចាំថា «មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន» នឹងបម្រើប្រជាជនប្រកបដោយភាពស្មោះត្រង់។

សូមជម្រាបថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តតាកែវ សរុបចំនួន ១ ២១៥ នាក់ ដែលពិធីនេះបានប្រារព្ធឡើងនៅទីតាំងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ៕

Share.