សៀមរាប៖ មន្ត្រីជំនាញក្រសួងសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរខេត្តសៀមរាប ចុះពិនិត្យការសាងសង់ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ចេញ ពីទីប្រជុំជនស្រុកក្រឡាញ់ ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦។
តាមអាជ្ញាធរខេត្តបានឱ្យដឹងថា ស្រុកក្រឡាញ់ ខេត្តសៀមរាប ទទួលបានគម្រោងសាងសង់ប្រព័ន្ធលូ រំដោះទឹកចេញពីទីប្រជុំជន ខណៈដែលកន្លងមកប្រព័ន្ធលូចាស់ទ្រុឌទ្រោម ធ្វើឱ្យទឹកកខ្វក់ ប្រឈមហូរហៀរ គ្រាដែលរដូវភ្លៀងមកដល់។ នៅព្រឹកនេះផងដែរ លោក លី សារី អភិបាលរងខេត្តសៀមរាប និងលោក ហេង ភូរី ប្រធាននាយកដ្ឋានសាងសង់ និងថែទាំប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាដោះស្រាយឧបសគ្គ និងចុះពិនិត្យការដ្ឋានទីតាំងរងផល់ប៉ះពាល់ជាក់ស្ដែង នៃគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកចេញពីទីប្រជុំជននៃស្រុកក្រឡាញ់។


លោកប្រធាននាយកដ្ឋានសាងសង់ បានឱ្យដឹងដែរថា ការសាងសង់ប្រព័ន្ធលូរំដោះទឹកនេះ មានប្រវែង១០២២ម៉ែត្រ ជាថវិកាជាតិ។ ចំណុចខាងលើកន្លងមកនារដូវវស្សារងប៉ះពាល់ទឹកជន់លិច មន្ទីរពេទ្យ ផ្សារ សាលារៀន ផ្ទះសម្បែងពលរដ្ឋ។
ផែនការការសាងសង់ទៀតសោត ដំណាក់កាលទី១ នឹងសាងសង់លូប្រអប់ ១.៥ម៉ែត្រ គុណ ១.៥ម៉ែត្រ មានប្រវែង ៧៤០ម៉ែត្រ ដោយគិតចាប់ពីចំណុចរង្វង់មូលទៅត្បូង ស្ថាបនាអណ្តូងលូរងប្រមូលទឹកភ្លៀងចំនួន ២៦កន្លែង និងសាងសង់មុខឈៀងទីតាំងរំដោះទឹក លូមុខកាត់ ១.៥ម៉ែត្រ គុណ ១.៥ម៉ែត្រ ចំនួន១កន្លែង។
ចំពោះដំណាក់កាលទី២ ផែនការសាងសង់ក្នុងឆ្នាំ២០២៧ សាងសង់លូប្រអប់ ១.៥ម៉ែត្រ គុណ ១.៥ម៉ែត្រ ប្រវែង ២៨២ម៉ែត្រ គិតចាប់ពីចំណុចរង្វង់មូល ទៅទិសខាងជើង ដោយស្ថាបនាអណ្តូងលូរងប្រមូលទឹកភ្លៀង ម្ខាងផ្លូវចំនួន ១១កន្លែង លូមុខកាត់ ១.៥ម៉ែត្រ គុណ ១.៥ម៉ែត្រ ចំនួន១កន្លែង, ពង្រីក និងលើកកម្ពស់ផ្លូវទំនប់ទទឹង ៧ម៉ែត្រ ប្រវែង ១ ៣០០ម៉ែត្រ កម្រាលល្បាយថ្ម៕
អត្ថបទ៖ តាតុងសែនជ័យ

