ខេត្តភូកេតដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញរបស់ថៃ កំពុងរងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីមានករណីគ្រួសារជនបរទេសមួយក្រុម បានប្រើប្រាស់កុមារជាខែលក្នុងការលួចទំនិញពីផ្សារម៉ាតមួយកន្លែង កាលពីយប់ថ្ងៃទី៦ ខែឧសភា កន្លងទៅថ្មីៗនេះ។ អ្វីដែលកាន់តែហួសចិត្តនោះគឺ ជនល្មើសមិនត្រឹមតែមិនរអែងច្បាប់ ប៉ុន្តែថែមទាំងឌឺដងឱ្យបុគ្គលិកហាងប្តឹងប៉ូលីសថែមទៀតផង។

យោងតាមវីដេអូពីកាមេរ៉ាសុវត្ថិភាព CCTV ដែលត្រូវបានផ្សព្វផ្សាយដោយទំព័រ Phuket Times បានបង្ហាញឱ្យឃើញសកម្មភាពយ៉ាងអនាធិបតេយ្យដែលគ្រួសារបរទេសមានសមាជិក ៥នាក់ បានធ្វើសកម្មភាពលួចបន្លំយកទំនិញក្នុងហាងបានយ៉ាងរលូន។ សកម្មភាពនេះមិនមែនជាការលួចដោយអចេតនា ឬដោយសារភាពទាល់ក្រនោះទេ ប៉ុន្តែវាហាក់ដូចជាការរៀបចំទុកជាមុន ដោយប្រើប្រាស់ភាពស្លូតត្រង់របស់ក្មេងដើម្បីបិទបាំងទង្វើអាក្រក់របស់មនុស្សធំ។

អ្វីដែលជាចំណុចក្ដៅគគុកដែលគេលើកយកមកពិភាក្សានៅលើបណ្ដាញសង្គម គឺអាកប្បកិរិយារបស់ជនបរទេសទាំងនោះ។ នៅពេលបុគ្គលិកហាងឃាត់ខ្លួន និងព្រមានថានឹងហៅប៉ូលីស ពួកគេបានតបវិញយ៉ាងព្រងើយថា «ខ្ញុំមិនខ្វល់ទេ»។ បើតាមមតិអ្នកលេងបណ្ដាញសង្គមម្នាក់ ពាក្យ «ខ្ញុំមិនខ្វល់» នេះ គឺជាការទះកំផ្លៀងយ៉ាងខ្លាំងទៅលើប្រព័ន្ធយុត្តិធម៌របស់ថៃ។ វាកំពុងបង្ហាញថា ទេសចរមួយចំនួនលែងមានការគោរពច្បាប់ក្នុងស្រុក ដោយសារពួកគេយល់ថា ទោសកំហុសនៅថៃមានកម្រិតស្រាល ឬអាចដោះស្រាយបានដោយងាយ។

យ៉ាងណា នេះមិនមែនជារឿងថ្មីនោះទេ សម្រាប់តែក្នុងខែមេសានេះ ខេត្តភូកេតបានជួបប្រទះករណីស្រដៀងគ្នាជាច្រើនរួមមាន ករណីជនបរទេសលួចស្បែកជើងតម្លៃ ៤,៥០០បាត ដែលគេហាលនៅមុខផ្ទះ រួមទាំងករណីជនបរទេសលួចហ្គីតារបស់ជនជាតិថៃដែលទុកលើម៉ូតូផងដែរ។

ការកើនឡើងនៃបទល្មើសបង្កដោយជនបរទេសនៅខេត្តភូកេត កំពុងបង្កើតជាសំណួរថា តើការអនុវត្តច្បាប់របស់ថៃមានភាពធូររលុងពេកមែនទេ? រហូតមកដល់ពេលនេះ ប៉ូលីសប៉ុស្តិ៍ប៉ាតុង នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការអំពីការចាប់ខ្លួន ឬការដាក់ទណ្ឌកម្មលើគ្រួសារខាងលើនៅឡើយទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែឧសភា ថ្មីៗនេះ ក៏មានករណីជនបរទេសបោកប្រាក់រាប់ម៉ឺនបាតពីជ​នជាតិថៃ នៅខេត្តភូកេតដែរ ដោយនេះគឺជាកម្សោយអាជ្ញាធរថៃ ដែល​បណ្ដែតបណ្ដោយឱ្យមានជនបរទេសមួយចំនួនអាចប្រព្រឹត្តិបទល្មើសលើទឹកដីខ្លួនបានយ៉ាងងាយ នេះមិនទាន់រាប់បញ្ចូលទាំងករណីផ្សេងៗជាច្រើនទៀតនៅតាមតំបន់ទេសចរណ៍សំខាន់ៗផ្សេងឡើយ៕

ប្រភព៖ The Thaiger

ចុចអាន៖ កម្សោយអាជ្ញាធរថៃ បណ្ដោយឱ្យជនបរទេសបោកជនជាតិថៃ អស់ជិត២ពាន់ដុល្លារនៅភូកេត

Share.