សម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី៥ ឈ្មោះ ហាហ្គូពីត (Hagupit) T2605 ហើយកំពុងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងព្រះរាជាណាចក្រកម្ពុជា។ ទោះជាយ៉ាងណា កម្ពុជាមិនស្ថិតនៅលើគន្លងផ្លូវដើររបស់ព្យុះនេះឡើយ។
ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ស្ថានភាពអាកាសធាតុនឹងមានលក្ខណៈដូចខាងក្រោម៖

១- តំបន់វាលទំនាប
សីតុណ្ហភាពអប្បបរមា ២៤°C និងអតិបរមា ៣៧°C។ អាចមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតំបន់ខ្លះៗ ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចបង្កគ្រោះថ្នាក់ដល់មនុស្ស សត្វ និងទ្រព្យសម្បត្តិ។ កម្រិតទឹកភ្លៀងអាចមានពី ២៥% ទៅ ៤០%។

២- តំបន់ខ្ពង់រាប
សីតុណ្ហភាពអប្បបរមា ២៤°C និងអតិបរមា ៣៦°C។ អាចមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតំបន់មួយចំនួន។ ប្រជាពលរដ្ឋគួរបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ដែលអាចកើតមានជាយថាហេតុ។ កម្រិតទឹកភ្លៀងអាចមានប្រមាណ ២០%។

៣- តំបន់មាត់សមុទ្រ
សីតុណ្ហភាពអប្បបរមា ២៤°C និងអតិបរមា ៣៥°C។ អាចមានភ្លៀង ផ្គរ រន្ទះ និងខ្យល់បក់ខ្លាំងនៅតំបន់ខ្លះៗ។ រលកសមុទ្រអាចមានកម្ពស់ពី ០,៥០ ម៉ែត្រ ទៅ ១,០០ ម៉ែត្រ។ ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ គួរប្រុងប្រយ័ត្នខ្ពស់។

អាជ្ញាធរអំពាវនាវដល់ប្រជាពលរដ្ឋ បន្តតាមដានព័ត៌មានព្យាករណ៍អាកាសធាតុ និងចាត់វិធានការបង្ការគ្រោះថ្នាក់ឱ្យបានទាន់ពេលវេលា។

Share.