ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកកិច្ចពិគ្រោះយោបល់កម្រិតខ្ពស់ជាមួយដៃគូអន្តរជាតិ ដើម្បីដាក់បញ្ចូលផែនការអាទិភាពជាតិទៅក្នុងកម្មវិធី ILO TRIANGLE ដំណាក់កាលទី៣ សំដៅពង្រឹងការការពារ និងលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ខ្មែរ។

កិច្ចប្រជុំនេះ ដឹកនាំដោយលោកជំទាវ សុវណ្ណ វណ្ណារតន៍ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ដោយមានការចូលរួមពីអង្គការ ILO ស្ថានទូតអូស្ត្រាលី ទីភ្នាក់ងារស្វីស និងដៃគូពាក់ព័ន្ធជាច្រើន។

ក្រសួងបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំ «គោលនយោបាយជាតិ ស្តីពីទេសន្តរប្រវេសន៍ការងារ ឆ្នាំ២០២៦-២០៣៥» ដើម្បីឆ្លើយតបនឹងការវិវឌ្ឍសេដ្ឋកិច្ច និងការងារ ខណៈការការពារសិទ្ធិពលករនៅក្រៅប្រទេស ត្រូវបានចាត់ទុកជាអាទិភាពសំខាន់។

ជាមួយគ្នានេះ ក្រសួងក៏បានរំលឹកពីវិធានការជួយពលករខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃ កាលពីឆ្នាំ២០២៥ ដោយផ្តល់ជំនួយបន្ទាន់ សម្របសម្រួលការធ្វើដំណើរ និងជួយរកការងារក្នុងស្រុកតាមរយៈ Hotline 1297 និងវេទិកាការងារ។

បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏បានផ្តល់ការធ្វើតេស្តទទួលស្គាល់ជំនាញ (RPL) ដោយឥតគិតថ្លៃ លើមុខជំនាញ៨ សម្រាប់អតីតពលករមកពីថៃ ដើម្បីបង្កើនឱកាសការងារ ។

Share.