ភ្នំពេញ៖ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កាលពីវេលាម៉ោង ១២:៣០នាទី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦។ ករណីហិង្សានេះបានកើតឡើងនៅចំណុចផ្លូវលេខ ២៨៧ កែងផ្លូវលេខ ៦១៤ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក កាលពីវេលាម៉ោង ០០:២៩នាទី រំលងអាធ្រាត្រឈានចូលថ្ងៃដដែល។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ដើមហេតុនៃជម្លោះនេះបានផ្ដើមចេញពីគ្រោះថ្នាក់ចរាចរណ៍រវាងភាគីខាងម៉ូតូ និងភាគីខាងរថយន្ត។ ក្រោយកើតហេតុ ភាគីទាំងពីរដែលរួមមានបុរសជនជាតិខ្មែរម្នាក់ និងជនជាតិចិនពីរនាក់ បានផ្ទុះទំនាស់ពាក្យសម្ដីគ្នាយ៉ាងខ្លាំង រហូតឈានដល់ការប្រើកម្លាំងបាយដេញវាយគ្នាទៅវិញទៅមកដោយប្រើដៃ ដំបង និងដុំថ្ម នៅតាមដងផ្លូវសាធារណៈ បណ្ដាលឱ្យភាគីទាំងសងខាងរងរបួសស្រាល។



ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន រួមមានឈ្មោះ ខាយ បណ្ឌិត ជនជាតិខ្មែរ ជាអ្នកបើកបរម៉ូតូ និងជនជាតិចិនពីរនាក់ទៀតឈ្មោះ YE ZHAOXUE និងឈ្មោះ LIN JIHONG ជាភាគីខាងរថយន្ត។ ជាមួយគ្នានោះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួនរួមមាន រថយន្ត Prius មួយគ្រឿង ម៉ូតូ Yamaha R15 មួយគ្រឿង ទូរស័ព្ទដៃចំនួន ៤គ្រឿង និងលិខិតឆ្លងដែនផងដែរ។
បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ កំពុងត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីមន្ត្រីជំនាញធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។ ករណីនេះជាការដាស់តឿនដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ ឱ្យរក្សាភាពអត់ធ្មត់ និងដោះស្រាយបញ្ហាដោយសន្តិវិធី ចៀសវាងការប្រើហិង្សាដែលនាំឱ្យមានទោសទណ្ឌដល់ខ្លួន។
អត្ថបទ៖ ចតុម្មុខ

