ខេត្តបន្ទាយមានជ័យ៖ កម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការចុះពិនិត្យរដ្ឋបាលនៅទីតាំងអគារកាស៊ីណូ និងអគារស្នាក់នៅមួយកន្លែងក្នុងក្រុងប៉ោយប៉ែត កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦។ ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសចំនួន ១៩នាក់ និងដកហូតបានវត្ថុតាងសំខាន់ៗដែលបម្រើឱ្យសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

ប្រតិបត្តិការដ៏ស្រួចស្រាវនេះ ត្រូវបានធ្វើឡើងតាមបទបញ្ជាផ្ទាល់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ។ កិច្ចប្រតិបត្តិការនេះក៏មានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត និងមានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលខេត្ត រួមជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តផងដែរ។

យោងតាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ច ទីតាំងដែលត្រូវបានត្រួតពិនិត្យរួមមាន៖

១. ទីតាំងទី១ (អគារកាស៊ីណូ ខេអឹមអេច ផារាដាយ ថៅវើ)៖ សមត្ថកិច្ចបានរកឃើញជនជាតិឥណ្ឌូណេស៊ី និងជនជាតិចិន សរុបចំនួន ០៧នាក់។ ក្នុងនោះ កម្លាំងជំនាញបានដកហូតលិខិតឆ្លងដែន និងឧបករណ៍បច្ចេកវិទ្យាសម្រាប់ប្រើប្រាស់ក្នុងការឆបោកតាមអនឡាញ រួមទាំងឧបករណ៍សម្រាប់ធ្វើទារុណកម្មមួយចំនួនទៀត។

២. ទីតាំងទី២ (អគារស្នាក់នៅមួយកន្លែង)៖ កម្លាំងជំនាញបានរកឃើញជនបរទេសចំនួន ១២នាក់បន្ថែមទៀត ដែលពួកគេបានមកលួចសំងំស្នាក់នៅ ដើម្បីគេចវេសពីការតាមប្រមាញ់របស់សមត្ថកិច្ច។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចចម្រុះកំពុងបន្តនីតិវិធីឆែកឆេរ និងស្វែងរកវត្ថុតាងពាក់ព័ន្ធផ្សេងៗទៀតនៅទីតាំងកើតហេតុ ដើម្បីបន្តចាត់ការតាមផ្លូវច្បាប់ជាធរមាន។ ប្រតិបត្តិការនេះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបរាល់បទល្មើសបច្ចេកវិទ្យា និងការបង្ខាំងមនុស្សខុសច្បាប់ ដើម្បីពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងតំបន់ព្រំដែន៕

អត្ថបទ៖ ភ្នាក់ងារខេត្តកណ្ដាល

Share.