សិង្ហបុរី៖ ភ្នាក់ងារគ្រប់គ្រងជំងឺឆ្លង (CDA) របស់ប្រទេសសិង្ហបុរី បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានដាក់ឱ្យនៅដាច់ដោយឡែក និងកំពុងធ្វើតេស្តលើពលរដ្ឋសិង្ហបុរីចំនួន ២នាក់ ដែលបានធ្វើដំណើរតាមនាវាទេសចរណ៍មួយគ្រឿង ដែលពាក់ព័ន្ធនឹងការផ្ទុះឡើងនូវមេរោគ Hantavirus ដ៏កាចសាហាវ។

ជុំវិញបញ្ហានេះ បណ្តាប្រទេសជុំវិញពិភពលោក កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះអ្នកដំណើរដែលបានជិះលើនាវាដែលរងការវាយប្រហារដោយវីរុសនេះ ដើម្បីបង្ការការឆ្លងរីករាលដាលបន្ថែមទៀត។ គិតមកទល់ពេលនេះ មនុស្ស ៣នាក់ រួមមានប្តីប្រពន្ធជនជាតិហូឡង់មួយគូ និងជនជាតិអាល្លឺម៉ង់ម្នាក់ បានបាត់បង់ជីវិតនៅក្នុងការផ្ទុះឡើងនូវមេរោគ Hantavirus នៅលើនាវា MV Hondius ខណៈដែលមនុស្ស ៨នាក់ផ្សេងទៀតត្រូវបានគេជឿថា បានឆ្លងមេរោគនេះ។
ជាទូទៅ មេរោគ Hantavirus ត្រូវបានឆ្លងតាមរយៈសត្វកណ្តុរ ប៉ុន្តែក្នុងករណីកម្រ ហើយពេលនេះវាក៏អាចឆ្លងពីមនុស្សទៅមនុស្សផងដែរ។


យោងតាមសេចក្តីថ្លែងការណ៍របស់ CDA ពលរដ្ឋសិង្ហបុរីទាំង ២នាក់នោះ គឺជាបុរសអាយុ ៦៧ឆ្នាំ និង ៦៥ឆ្នាំ ដែលបច្ចុប្បន្នកំពុងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកនៅមជ្ឈមណ្ឌលជាតិសម្រាប់ជំងឺឆ្លង (NCID)។ ពួកគេបានស្ថិតនៅលើនាវា MV Hondius នៅពេលដែលនាវានេះបានចាកចេញពីកំពង់ផែ Ushuaia នៃប្រទេសអាហ្សង់ទីន កាលពីថ្ងៃទី១ ខែមេសា។
យោងតាមភ្នាក់ងារ CDA បានបញ្ជាក់ថា៖ «មនុស្សម្នាក់មានរោគសញ្ញាហៀរសំបោរ ប៉ុន្តែក្រៅពីនោះគឺមានសុខភាពធម្មតា ចំណែកម្នាក់ទៀតមិនមានចេញរោគសញ្ញាអ្វីឡើយ។ ហានិភ័យចំពោះសាធារណជនទូទៅនៅក្នុងប្រទេសសិង្ហបុរី នាពេលបច្ចុប្បន្ននេះគឺស្ថិតក្នុងកម្រិតទាប»។


ប្រសិនបើលទ្ធផលតេស្តបង្ហាញថា អវិជ្ជមាន បុរសទាំង ២នាក់ នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល ៣០ថ្ងៃ គិតចាប់ពីថ្ងៃចុងក្រោយដែលពួកគេបានប៉ះពាល់នឹងប្រភពមេរោគ។ ប៉ុន្តែប្រសិនបើលទ្ធផលវិជ្ជមាន ពួកគេនឹងត្រូវបន្តសម្រាកនៅមន្ទីរពេទ្យដើម្បីតាមដាន និងព្យាបាល។
អ្នកទាំង២បានចុះពីលើនាវា ហើយក៏បានជិះក្នុងជើងហោះហើរជាមួយគ្នានឹងអ្នកជំងឺម្នាក់ដែលត្រូវបានបញ្ជាក់ថាមានឆ្លងមេរោគ Hantavirus ក្នុងអំឡុងពេលធ្វើដំណើរពីកោះ St Helena ទៅកាន់ទីក្រុង Johannesburg កាលពីថ្ងៃទី២៥ ខែមេសា។ ភ្នាក់ងារដដែលបានបន្ថែមថា អ្នកជំងឺដែលបានបញ្ជាក់នោះ មិនបានធ្វើដំណើរមកកាន់ប្រទេសសិង្ហបុរីទេ ហើយបានទទួលមរណភាពកាលពីពេលថ្មីៗនេះនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង៕

