កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានជំរុញដល់អាជ្ញាធរក្រុង ស្រុក បន្តពង្រឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសពាក់ព័ន្ធធនធានធម្មជាតិ ព្រមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ឱ្យមានប្រសិទ្ធភាពខ្ពស់។

ការណែនាំនេះ ធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ ដោយឯកឧត្តមបានក្រើនរំលឹកដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវសហការជាមួយសមត្ថកិច្ច និងមន្ត្រីជំនាញ ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្ក្រាបរាល់បទល្មើសក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ជាមួយគ្នានេះ ឯកឧត្តមក៏បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្ទឹងសែន ឱ្យយកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់ អនាម័យ និងសោភ័ណភាពសាធារណៈនៅតាមសួនស្ទឹងសែន ឱ្យមានភាពស្អាតបាត និងរៀបរយជានិច្ច។ ក្នុងនោះ អាជ្ញាធរក្រុងស្ទឹងសែន ក៏ត្រូវចុះប្រមូលជនអនាថា និងជនវិកលចរិត បញ្ជូនទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីទទួលបានការថែទាំសមស្រប ព្រមទាំងរៀបចំទីតាំងចតយានយន្តឱ្យមានសណ្តាប់ធ្នាប់ផងដែរ។

ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា គោលដៅសំខាន់ គឺធ្វើឱ្យក្រុងស្ទឹងសែន ក្លាយជាទីក្រុងមានសោភ័ណភាព ស្អាត មានរបៀបរៀបរយ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកស្នាក់នៅ និងកម្សាន្តប្រកបដោយភាពរីករាយ។

អត្ថបទ÷កំពង់ធំ

Share.