សេប៊ូ៖ លោក Datuk Seri Johari Abdul Ghani រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី បានបញ្ជាក់ថា ប្រទេសម៉ាឡេស៊ី មិនបានលក់ប្រេងទៅឱ្យបណ្ដាប្រទេសជាសមាជិកអាស៊ានផ្សេងទៀតនោះទេ ដោយសារតែបច្ចុប្បន្ន ប្រទេសនេះនៅតែត្រូវនាំចូលប្រេងឆៅប្រមាណ ៤០០,០០០បារ៉ែលក្នុងមួយថ្ងៃ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានម៉ាឡេស៊ី ក្នុងឱកាសចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៧ នៅទីក្រុងសេប៊ូ លោក Johari បានពន្យល់ថា ទោះបីជាម៉ាឡេស៊ី មានសំណាងជាប្រទេសផលិតប្រេងក៏ពិតមែន ប៉ុន្តែបើពិនិត្យលើតុល្យភាពជាក់ស្តែង ម៉ាឡេស៊ីនៅតែត្រូវបានចាត់ទុកថាជា ប្រទេសនាំចូលប្រេងសុទ្ធ (Net oil importer) នៅឡើយ ព្រោះតែយើងនៅតែត្រូវនាំចូលប្រេងប្រហែល ៤០០,០០០បារ៉ែលក្នុងមួយថ្ងៃ ដូច្នេះយើងមិនមានលទ្ធភាពលក់ចេញនោះទេ។ នេះជាការឆ្លើយតបរបស់លោក Johari នៅពេលត្រូវបានសួរថាតើមានប្រទេសអាស៊ានណាមួយចូលមកទាក់ទងទិញប្រេងពីម៉ាឡេស៊ី ក្នុងអំឡុងពេលវិបត្តិផ្គត់ផ្គង់សកលនាពេលនេះដែរឬទេ។

ទោះជាយ៉ាងណាក៏ដោយ លោក Johari បានកត់សម្គាល់ថា ចំពោះឧស្ម័នធម្មជាតិរាវ (LNG) ម៉ាឡេស៊ីនៅតែជាប្រទេសនាំចេញសុទ្ធដដែល។ លោកបានបន្ថែមថា៖ «អតិរេកដែលយើងទទួលបានពី LNG អាចជួយទប់ទល់នឹងឱនភាពនៃការនាំចូលប្រេងឆៅបាន»។

ទាក់ទងនឹងតម្លៃប្រេងក្នុងស្រុក លោករដ្ឋមន្ត្រីបានផ្តល់ការធានាថា រដ្ឋាភិបាលម៉ាឡេស៊ីនៅតែមានសមត្ថភាពរក្សាតម្លៃសាំង RON95 ឱ្យនៅត្រឹម ១.៩៩ រីងហ្គីត (RM) ក្នុងមួយលីត្រ។

លោកបានទទួលស្គាល់ថា ទោះបីជាម៉ាឡេស៊ីក៏ដូចជាប្រទេសដទៃទៀត ដែលរងផលប៉ះពាល់ពីជម្លោះនៅមជ្ឈិមបូព៌ាដែលកំពុងបន្តក៏ដោយ ប៉ុន្តែផលប៉ះពាល់ទាំងនោះនៅស្ថិតក្នុងកម្រិតមួយដែលរដ្ឋាភិបាលអាចគ្រប់គ្រងបាននៅឡើយ។

ប្រភព៖ The Star

Share.