ភ្នំពេញ៖ វិស័យទេសចរណ៍កម្ពុជាបានបង្ហាញពីសន្ទុះងើបឡើងវិញយ៉ាងខ្លាំងក្លា ដោយក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរចិនសរុបជាង ២៤ម៉ឺននាក់ ដែលធ្វើឱ្យទីផ្សារទេសចរចិនឈរនៅលំដាប់ថ្នាក់លេខ១ ជាប្រភពភ្ញៀវទេសចរបរទេសច្រើនជាងគេបំផុត។
ទិន្នន័យដ៏មានសារៈសំខាន់នេះ ត្រូវបានលើកឡើងក្នុងកិច្ចជំនួបពិភាក្សាការងាររវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោក យ៉ុង លីឆៃ វិនិយោគិន និងជាតំណាងសមាគមអភិវឌ្ឍស្ពានទេសចរណ៍វប្បធម៌កម្ពុជា-ចិន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នាទីស្តីការក្រសួងទេសចរណ៍។


នៅក្នុងឱកាសនោះ លោក យ៉ុង លីឆៃ បានធ្វើបទបង្ហាញអំពីគំនិតផ្តួចផ្តើម និងផលិតផលទេសចរណ៍ថ្មីៗ ដើម្បីបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរ និងវិនិយោគិន។ លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសហការជាមួយក្រសួងទេសចរណ៍ ដើម្បីពង្រីកការផ្សព្វផ្សាយពីសក្តានុពលរបស់កម្ពុជាទៅកាន់ប្រទេសចិនឱ្យកាន់តែទូលំទូលាយ សំដៅទាក់ទាញវិនិយោគិនធំៗមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគម ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យទេសចរណ៍ជាតិ។ ឯកឧត្តមបានបន្តជំរុញឱ្យសមាគមបង្កើនការផ្សព្វផ្សាយឱ្យកាន់តែសកម្ម ជាពិសេសលើគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល គឺ “ការលើកលែងទិដ្ឋាការទេសចរណ៍សាកល្បងរយៈពេល ១៤ថ្ងៃ” សម្រាប់ប្រជាពលរដ្ឋចិន។
គួរបញ្ជាក់ថា យុទ្ធនាការលើកលែងទិដ្ឋាការនេះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១៥ ខែមិថុនា រហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ វិធានការនេះត្រូវបានដាក់ចេញក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគិនចិនឱ្យមកទស្សនា និងស្វែងយល់ពីឱកាសធុរកិច្ចនៅកម្ពុជាកាន់តែច្រើនកុះករ ជាពិសេសក្នុងអំឡុងរដូវកាលបៃតង ដើម្បីជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន៕
ប្រភព៖ ដកស្រង់ពីក្រសួងទេសចរណ៍

