តាមរយៈសារព័ត៌មាន Stars Insider បានចុះផ្សាយពេលថ្មីៗនេះថា Angelina Jolie តារាសម្ដែងរង្វាន់អូស្ការ និងជាអ្នកដឹកនាំ ដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ បានដាក់លក់អចលនទ្រព្យរបស់ខ្លួននៅរដ្ឋកាលីហ្វ័រញ៉ាក្នុងតម្លៃ ២៩,៨៥លានដុល្លារអាមេរិក។

អចលនទ្រព្យនេះធ្លាប់ជាកម្មសិទ្ធិរបស់អ្នកដឹកនាំរឿងលោក Cecil B. DeMille រួមមានអគារធំទំហំប្រមាណ ៩២,០០០ ម៉ែត្រការ៉េដែលមានបន្ទប់គេង ៦ បន្ទប់ទឹក ១០ ព្រមទាំងអគារបែបហ្វ្រាំងស៊ីស្ទីល ស្ទូឌីយោសម្រាប់ភ្ញៀវ ផ្ទះអាងហែលទឹក ស្ទូឌីយោហាត់ប្រាណ ផ្ទះលម្ហែ និងយានដ្ឋានដាច់ដោយឡែកមួយដែលមានប៉ុស្តិ៍សន្តិសុខ។

អ្នកស្រី អេនជេលីណា ចូលី បានទិញផ្ទះមួយនេះកាលពីឆ្នាំ ២០១៧ ក្នុងតម្លៃ ២៤,៥លានដុល្លារ ពោលគឺមួយឆ្នាំបន្ទាប់ពីខ្លួនបែកគ្នាជាមួយអតីតស្វាមីគឺលោក Brad Pitt ។ ដោយឡែកនៅក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំ ២០២៤ តារាហូលីវូដរូបនេះបានបង្ហាញថា អ្នកស្រីមានគម្រោងផ្លាស់មករស់នៅកម្ពុជា ក្រោយពេលកូនភ្លោះរបស់ខ្លួនមានអាយុ ១៨ ឆ្នាំនៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៦។

អេនជេលីណា ចូលី បានចែករំលែកពីគម្រោងជីវិតរបស់ខ្លួនបន្ទាប់ពីចាកចេញពីក្រុងឡូសអេនជូឡេសថា៖ «ខ្ញុំនឹងចំណាយពេលច្រើននៅកម្ពុជា» ជាកន្លែងដែលខ្លួនបានចិញ្ចឹមកូនប្រុសច្បង ឈ្មោះ ម៉ាដុក (Maddox) ក្នុងឆ្នាំ ២០០២ ខណៈដែលខ្លួនក៏នឹងធ្វើដំណើរទៅលេងសមាជិកគ្រួសារនៅតាមបណ្តាប្រទេសផ្សេងៗទៀតជុំវិញពិភពលោកផងដែរ។

គួររំលឹកថា  អ្នកស្រី Angelina Jolie ទើបតែបង្ហាញវត្តមាននៅខេត្តបាត់ដំបងកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦កន្លងទៅ ក្នុងដំណើរទស្សនកិច្ចមកកាន់វិទ្យាល័យសំឡូត ខេត្តបាត់ដំបង ក្នុងគោលបំណងឈ្វេងយល់ពីការសិក្សារបស់សិស្ស និងវឌ្ឍនភាពនៃការស្នាក់នៅអន្តេវាសិកដ្ឋាន៕

Share.