ព្រះសីហនុ៖ ពន្ធនាគារខេត្តព្រះសីហនុ បដិសេធការចោទប្រកាន់ៅទាំងស្រុង ចំពោះការផ្សព្វផ្សាយបទសម្ភាសន៍របស់លោក Chen Nengchuan (ឈ្មោះលើបណ្ដាញសង្គម Goodnight Chicken) ដែលបានលើកឡើងថា មន្រ្តីពន្ធធនាគារ បានឱ្យគាត់ដោះអាវ ហើយយកខ្មៅដៃមកបៀតបៀនកេរខ្មាសគាត់ នៅចំពោះមនុស្សប្រមាណជា៣០នាក់នៅក្នុងពន្ធនាគារ និងធ្វើអំពើអសិលធម៌មួយចំនួនទៀត។

អង្គភាពបានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មាន ក្រុមការងារបានចុះធ្វើការស្រាវជ្រាវ និងសួរនាំមន្ត្រីពាក់ព័ន្ធ ព្រមទាំងជនជាប់ឃុំដែលធ្លាប់រស់នៅរួមបន្ទប់ជាមួយលោក Chen Nengchuan។ លទ្ធផលបញ្ជាក់ថា ពុំមានករណីដូចការចោទប្រកាន់នោះឡើយ ហើយអ្នកពាក់ព័ន្ធបានបញ្ជាក់ជាឯកច្ឆន្ទ ដោយមានទាំងស្នាមមេដៃផងថា ខ្លឹមសារដែលបានផ្សព្វផ្សាយគឺមិនពិត្យនេះទេ។
អង្គភាពពន្ធនាគារខេត្តព្រះសីហនុ បានអះអាងថា ការគ្រប់គ្រងជនជាប់ឃុំត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ ដោយផ្អែកលើគោលការណ៍មនុស្សធម៌ សន្តិសុខ និងសុវត្ថិភាព ដោយមិនមានការរើសអើងជាតិសាសន៍ ឬប្រវត្តិបុគ្គលឡើយ។ ជនជាប់ឃុំទាំងអស់ រួមទាំងអ្នកមានសុខភាពខ្សោយ ស្ត្រីមានផ្ទៃពោះ និងអ្នកមានជំងឺ ត្រូវបានផ្តល់ការថែទាំសុខភាពជាប្រចាំ។

ក្នុងសេចក្តីបំភ្លឺដដែល ក៏បានបញ្ជាក់ថា លោក Chen Nengchuan ធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ២ឆ្នាំ ពីបទពាក់ព័ន្ធនឹងការញុះញង់បង្កអសន្តិសុខសង្គម ហើយឃុំខ្លួននៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងត្រូវបានដោះលែងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ រួចប្រគល់ជូនមន្ត្រីជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុអនុវត្តនីតិវិធីបន្ត គឺត្រូវបណ្ដេញចេញពីកម្ពុជា។
មុនពេលជាប់ឃុំលោក Chen Nengchuan និងមិត្តភក្តិមួយនាក់ទៀត បានសម្ដែងផ្សព្វផ្សាយជាវីដេអូ នៅលើបណ្ដាញសង្គម ដែលមានសកម្មភាពពាក់មុខខ្មោចធ្វើជាមានខ្មោចលង មានសកម្មភាពចាប់ ខ្លួនវាយដំ រួចសម្តែងធ្វើជាមានសកម្មភាពរត់គេចខ្លួន ដោយភាពភ័យខ្លាច និងស្រែកប្រាប់ឱ្យគេជួយបង្ក ចលាចលអសន្តិសុខក្នុងខេត្តព្រះសីហនុ។ កម្លាំងសមត្ថកិច្ចជំនាញបានបញ្ជាក់ថា បុគ្គលទាំង០២នាក់នេះ ចូលចិត្តផលិតវីដេអូសម្តែងក្លែងក្លាយ ដើម្បីទាក់ទាញចំណាប់អារម្មណ៍នៅលើបណ្ដាញសង្គមនានា ពិសេសបណ្ដាញសង្គមហ្វេសប៊ុក(Facebook) និងតិកតុក(TikTok) ដែលមានអ្នកគាំទ្រចូលទស្សនា (View) ឬចុចឡាច(Like) រហូតដល់លាននាក់។


អង្គភាពពន្ធនាគារខេត្តព្រះសីហនុ បានបដិសេធទាំងស្រុងចំពោះខ្លឹមសារដែលបានចោទប្រកាន់ ដោយចាត់ទុកថា គ្មានមូលដ្ឋានច្បាស់លាស់ និងអាចប៉ះពាល់ដល់កិត្តិយសស្ថាប័ន។
ជាចុងក្រោយ អង្គភាពបានអំពាវនាវឱ្យសាធារណជនពិនិត្យព័ត៌មានដោយប្រុងប្រយ័ត្ន និងប្រើប្រាស់តែប្រភពព័ត៌មានដែលមានភាពជឿជាក់។



