អភិបាលរាជធានីណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចត្រូវបង្កើត Group Telegram ជាមួយ​ម្ចាស់​ទីតាំង​រស់នៅ​ប្រមូលផ្ដុំ ដើម្បីងាយស្រួលរាយការណ៍សុំអន្តរាគមន៍។

ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​ទាំង​១៤​ និង​កម្លាំង​មាន​សមត្ថកិច្ច​ត្រូវ​បង្កើត​គ្រុប​តេឡេក្រាម​ (Telegram Group) ជាមួយ​ម្ចាស់​ទីតាំង​រស់នៅ​ប្រមូលផ្ដុំ​ក្នុង​មូលដ្ឋាន​ខ្លួន​ ដើម្បី​ងាយស្រួល​ទំនាក់ទំនង​ ពិសេស​ក្នុង​ការ​រាយការណ៍​ ឬ​ស្នើសុំ​កិច្ច​អន្តរាគមន៍​ណា​មួយ​ពី​ម្ចាស់​ទីតាំង​ទាំង​នោះ​ ប៉ុន្តែ​ហាមដាច់ខាត​ការ​ទារលុយ​កាក់ពី​ម្ចាស់ទីតាំងទាំងនោះ ហើយ​ត្រូវ​បំពេញ​ភារកិច្ច​ដោយ​ភាព​ទទួល​ខុសត្រូវ​ខ្ពស់​ និង​ត្រៀម​លក្ខណៈ​គ្រប់​ពេលវេលា​ ដើម្បី​ចេញ​ប្រតិបត្តិការ​។

អភិបាលរាជធានីលើឡើងដូច្នេះ​នៅក្នុង​ពិធីផ្សព្វផ្សាយច្បាប់ ស្ដីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ​ នារសៀលថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២៦​ ដោយ​មាន​តំណាង​ម្ចាស់​បុរី​ ខុនដូ​ ផ្ទះ​សំណាក់​ និង​ទីតាំង​រស់នៅ​ប្រមូលផ្ដុំ​សរុប​ប្រមាណ​ជាង ​៤០០នាក់​បាន​ចូលរួម​។

បន្ទាប់​ពី​បានស្តាប់​នូវការបកស្រាយ​ ពន្យល់​ និង​ដោះស្រាយ​នូវ​ចម្ងល់​ពីអាជ្ញាធរ ​ បងប្អូន​ប្រជាពលរដ្ឋ​ម្ចាស់​បុរី​ ខុនដូ​ ផ្ទះ​សំណាក់​ និង​ទីតាំង​រស់នៅ​ប្រមូលផ្ដុំ​ដែលបានចូលរួម បាន​សំដែង​នូវ​ការ​ពេញ​ចិត្ត​ ​ដោយ​ទទួល​បាន​ភាព​កក់ក្តៅ​ពី​ថ្នាក់​ដឹកនាំ​របស់​រដ្ឋបាល​រាជធានីភ្នំពេញ​ និង​បានប្តេជ្ញា​ក្នុង​ការ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ ដើម្បី​ទប់ស្កាត់​រាល់​បទល្មើស​នានា​ ពិសេស​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​៕

Share.