កំពង់ឆ្នាំង៖ មន្ត្រីការិយាល័យបេតិកភណ្ឌ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ បានចុះស្រង់ទិន្នន័យ ដើម្បីធ្វើសាលកបត្របញ្ជាក់អត្តសញ្ញាណព្រះវិហារបុរាណ នៅវត្តយុគន្ធរ ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។




សកម្មភាពនេះ ធ្វើឡើងក្រោមការចាត់តាំងរបស់លោកប្រធានមន្ទីរ ដោយលោក សិត ស អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានដឹកនាំមន្ត្រីជំនាញការិយាល័យបេតិកភណ្ឌ ចុះអនុវត្តការងារផ្ទាល់នៅទីតាំងព្រះវិហារបុរាណ។




ក្នុងការចុះស្រង់ទិន្នន័យនេះ ក៏មានការនិមន្ត និងឯកភាពពីព្រះចៅអធិការវត្តយុគន្ធរ ព្រមទាំងមានការចូលរួមពីមន្ត្រីនគរបាលបេតិកភណ្ឌ មន្ត្រី និងមន្ត្រីកិច្ចសន្យា នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តផងដែរ។




គួរបញ្ជាក់ថា វត្តយុគន្ធរ គឺជាវត្តបុរាណដ៏ចំណាស់មួយ ស្ថិតតាមបណ្តោយបឹងទន្លេសាប ដែលមានព្រះវិហារកសាងឡើងតាំងពីឆ្នាំ១៩៣៣។ ព្រះវិហារនេះ មានរចនាបថបុរាណខ្នាតតូចស្រស់ស្អាត លម្អដោយក្បាច់រចនាចាប់ពីខឿនក្រោម រហូតដល់កំពូលដំបូលព្រះវិហារ ដែលបង្ហាញពីតម្លៃស្ថាបត្យកម្ម និងបេតិកភណ្ឌវប្បធម៌ដ៏មានសារៈសំខាន់៕
