មន្ទីរពេទ្យគន្ធបុប្ផា បានបង្ហាញទិន្នន័យដ៏គួរឱ្យកត់សម្គាល់ក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំ២០២៦ ដោយបានផ្ដល់សេវាពិនិត្យ និងព្យាបាលដល់កុមារ និងស្ត្រីមានផ្ទៃពោះសរុបជាង ៤២ម៉ឺនករណី ខណៈប្រតិបត្តិការដ៏ធំធេងនេះបានប្រើប្រាស់ថវិកាអស់ប្រមាណជាង ១៣លានដុល្លារអាម៉េរិក ដើម្បីបន្តបេសកកម្មជួយសង្គ្រោះជីវិតដោយឥតគិតថ្លៃ។

យោងតាមរបាយការណ៍ ដែលផ្ដល់ឱ្យអ្នកសារព័ត៌មានកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ បានបង្ហាញថា ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២៦នេះ មន្ទីរពេទ្យគន្ធបុប្ផា (ទាំងនៅភ្នំពេញ និងសៀមរាប) បានពិនិត្យ និងព្យាបាលសរុបចំនួន ៤២៦,៩៣២ ករណី រួមមាន៖ ផ្នែកពិគ្រោះជំងឺក្រៅ ៣១៦,២២៧ ករណី, ដាក់ឱ្យសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ៦៧,២២៨ ករណី ក្នុងនោះអ្នកកើតជំងឺគ្រុនឈាមមានចំនួន ៣,១០៤ នាក់។

របាយការណ៍ដដែលបានបង្ហាញថា ស្រ្តីមានផ្ទៃពោះដែលបានមកពិនិត្យតាមដាននៅមន្ទីរពេទ្យគន្ធបុប្ផាមានចំនួន ៣៣,៤៩៧ ករណី ខណៈការសម្រាលកូនមានចំនួន ៦,៤២៦ នាក់។

ដោយឡែក ការវះកាត់បេះដូងកុមារ និងទារកក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២៦នេះ មានចំនួន ៤៥០នាក់។ សូមជម្រាបថា មន្ទីរពេទ្យគន្ធបុប្ផា (ទាំងនៅភ្នំពេញ និងសៀមរាប) ចាប់ផ្ដើមប្រតិបត្តិការវះកាត់បេះដូងទារក និងកុមារ ដែលមានបញ្ហាបេះដូងពីកំណើតនៅឆ្នាំ២០១១។ បើគិតមកដល់ដើមឆ្នាំ២០២៦ មន្ទីរពេទ្យបានព្យាបាលបេះដូងដោយវះកាត់បានប្រមាណជាង ៩,៥០០ នាក់ហើយ។

ជាមួយនឹងការពិនិត្យ និងព្យាបាលករណីទាំងអស់ខាងលើនេះ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកាប្រតិបត្តិការសរុបចំនួន ១៣,៣៩៧,៤៧៩ ដុល្លារអាម៉េរិក។

សូមជម្រាបថា កាលពីថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ ក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងក្រុមការងារអង្គភាពប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានប្រគល់ថវិកាសមមូលនឹងចំនួនប្រមាណ ៤,៥៤១,៨២២ ដុល្លារអាម៉េរិក ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបន្តបេសកកម្មផ្ដល់សេវាពិនិត្យ និងព្យាបាលទារក និងកុមារ ព្រមទាំងស្រ្តីមានផ្ទៃពោះ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។

ក្នុងចំណោមថវិកាទាំងអស់នេះ ថវិកាចំនួន ៤លានដុល្លារអាម៉េរិក ទទួលបានពីការបរិច្ចាគពីសប្បុរសជននានា និងថវិកាចំនួន ៥៤១,៨២២ ដុល្លារអាម៉េរិកទៀត ទទួលបានពីការកាត់កម្រៃសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦៕

Share.