ខេត្តកំពង់ចាម៖ ពលរដ្ឋ១គ្រួសារ រងគ្រោះដោយអគ្គីភ័យឆេះផ្ទះអស់ទាំងស្រុង នៅឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦។

តាមការបញ្ជាក់ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានចាត់ឯកឧត្តម ទូច ឆៃ នាយកសាខា រួមជាមួយថ្នាក់ដឹកនាំអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្ត ចុះសួរសុខទុក្ខ និងនាំយកអំណោយទៅជួយគ្រួសាររងគ្រោះ។

គ្រួសាររងគ្រោះមានសមាជិក៤នាក់ រស់នៅភូមិឈើទើរ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ដោយម្ចាស់ផ្ទះឈ្មោះ គាង គែ អាយុ៤៨ឆ្នាំ។ អគ្គីភ័យបានឆាបឆេះផ្ទះឈើប្រក់ស័ង្កសីទំហំ ៥ម៉ែត្រ គុណ ៨ម៉ែត្រ អស់ទាំងស្រុង ដោយសារឆ្លងចរន្តអគ្គិសនី។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០ និង២៥នាទីយប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។

អំណោយដែលសាខាកាកបាទក្រហមខេត្តផ្តល់ជូន រួមមាន អង្ករ៥០គីឡូក្រាម ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ មី២កេស តង់ធំ២ ឃីត២ សម្ភារដំណេក សម្ភារផ្ទះបាយ និងថវិកា១លានរៀល។

បន្ថែមពីនេះ អនុសាខាស្រុកស្ទឹងត្រង់ ក៏បានឧបត្ថម្ភអង្ករ៤០គីឡូក្រាម មី២កេស ទឹកសុទ្ធ២កេស សម្ភារផ្ទះបាយ សម្ភារដំណេក១ឈុត និងថវិកា១០ម៉ឺនរៀលផងដែរ៕

អត្ថបទ÷អាចារ្យលាក់

Share.