បន្ទាយមានជ័យ៖ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ និងកម្លាំងពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ បានបន្តចុះត្រួតពិនិត្យអគារ និងផ្ទះល្វែងមួយចំនួនក្នុងក្រុងប៉ោយប៉ែត ដើម្បីទប់ស្កាត់ និងស្វែងរកទីតាំងលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។




ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីស្នងការដ្ឋាននគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្តផងដែរ។




ក្នុងប្រតិបត្តិការ កម្លាំងជំនាញបានចុះពិនិត្យរដ្ឋបាលនៅតាមផែស្ងួត អគារ និងផ្ទះល្វែង ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ប៉ុន្តែមិនបានរកឃើញសកម្មភាពគួរឱ្យសង្ស័យនោះទេ។




ដោយឡែក នៅទីតាំងសង្ស័យមួយកន្លែងក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល កម្លាំងសមត្ថកិច្ចបានរកឃើញសម្ភារមួយចំនួន ដែលអាចបម្រើឱ្យសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ហើយបានសម្រេចបិទសៀលទីតាំងនោះជាបណ្ដោះអាសន្ន ដើម្បីបន្តការស៊ើបអង្កេត៕
អត្ថបទ÷ប៉ោយប៉ែត
