បន្ទាយមានជ័យ៖ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ បានបន្តចុះពិនិត្យទីតាំងអគារមួយកន្លែង ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥៨ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធសង្ស័យប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។




ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត ដោយមានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្តផងដែរ។




ក្នុងការចុះប្រតិបត្តិការ សមត្ថកិច្ចបានរកឃើញទូរស័ព្ទដៃ និងកុំព្យូទ័រជាច្រើនគ្រឿង ដែលសង្ស័យប្រើប្រាស់សម្រាប់សកម្មភាពឆបោកតាមអនឡាញ ប៉ុន្តែមិនទាន់រកឃើញជនសង្ស័យនៅទីតាំងនោះឡើយ។បច្ចុប្បន្ន កម្លាំងជំនាញបានសម្រេចបិទសៀលទីតាំងជាបណ្ដោះអាសន្ន ដើម្បីបន្តស្រាវជ្រាវ និងអនុវត្តតាមនីតិវិធីច្បាប់៕
អត្ថបទ÷ចតុម្មុខ
