កំពង់ស្ពឺ៖ កម្លាំងនគរបាលស្រុកគងពិសី បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ដែលជាប់ពាក់ព័ន្ធករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ និងធ្លាប់ធ្វើសកម្មភាពលួចម៉ូតូនាពេលកន្លងមក។

ប្រតិបត្តិការនេះ ធ្វើឡើងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នៅវេលាម៉ោង២៣៖៣០នាទី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ ខណៈកម្លាំងនគរបាលស្រុកគងពិសី កំពុងល្បាតតាមបណ្ដោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៣០-៣១ ត្រង់ចំណុចកញ្ចុះដីឡូ ស្ថិតក្នុងភូមិភានសា ឃុំព្រះនិព្វាន ស្រុកគងពិសី។

ជនសង្ស័យទាំង៤នាក់ រួមមាន៖ ទី១. ឈ្មោះ វ៉ាន់ ខុង អាយុ៣៥ឆ្នាំ ទី២. ឈ្មោះ ខុន សុធារី អាយុ៣៨ឆ្នាំ ទី៣. ឈ្មោះ រិន អេ អាយុ២៣ឆ្នាំ និងទី៤. ឈ្មោះ ចាន់ ពៅ អាយុ៣៤ឆ្នាំ ។ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម៉ូតូចំនួន២គ្រឿង ឧបករណ៍កាច់កម៉ូតូ និងឧបករណ៍ឆ្កឹះសោរមួយចំនួន។

តាមការសារភាព ជនសង្ស័យបានទទួលស្គាល់ថា ពួកខ្លួនមានបំណងធ្វើសកម្មភាពលួចម៉ូតូ និងកាត់ខ្សែភ្លើង។ ដោយឡែក ម៉ូតូដែលដកហូតបាន ត្រូវបានជនសង្ស័យលួចពីស្រុកគៀនស្វាយ ខេត្តកណ្ដាល កាលពីប្រហែល៣ខែមុន។

បន្ថែមពីនេះ ជនសង្ស័យ២នាក់ ក៏បានសារភាពថា ធ្លាប់ធ្វើសកម្មភាពលួចម៉ូតូនៅក្រុងអរិយក្សត្រ ចំនួន៤លើកផងដែរ ក្នុងនោះមានម៉ូតូម៉ាក Honda Dream C125 ចំនួន៣គ្រឿង និងម៉ូតូមួយគ្រឿងទៀត លើកចុងក្រោយកើតឡើងនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ ក្បែរវត្តវិហារសួគ៌។

បច្ចុប្បន្ន ជនសង្ស័យទាំងអស់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Share.