ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក តុប ឈុនសុង កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចចេញដីកាឃុំខ្លួនបណ្ដោះអាសន្នលើជនត្រូវចោទជាជនបរទេសចំនួន ២២នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលមានការរៀបចំជាប្រព័ន្ធ។
ក្នុងចំណោមជនត្រូវចោទទាំង ២២នាក់ រួមមាន៖ ជនជាតិចិន ២០នាក់ (ភេទប្រុសទាំងអស់) និងជនជាតិរុស្ស៊ី ២នាក់ (ប្រុស ១នាក់ និងស្រី ១នាក់)។


ជនត្រូវចោទទាំង ២១នាក់ (ភេទប្រុស) ត្រូវបានបញ្ជូនទៅឃុំខ្លួននៅ ពន្ធនាគាររាជធានីភ្នំពេញ (PJ) ចំណែកឯជនត្រូវចោទម្នាក់ (ភេទស្រី) ត្រូវបានបញ្ជូនទៅឃុំខ្លួននៅ មណ្ឌលអប់រំកែប្រែទី២ (ម២)។
ក្រុមជនត្រូវចោទត្រូវបានចោទប្រកាន់ពីបទ “រៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ដែលបានប្រព្រឹត្តនៅក្នុងអគារបាវលី (BAOLI INTER CITY) ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីអំឡុងខែមេសា ឆ្នាំ២០២៦។ បទល្មើសនេះត្រូវផ្ដន្ទាទោសតាមមាត្រា ៦ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
គួររំលឹកផងដែរថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទើបតែត្រូវបានអនុម័ត និងដាក់ឱ្យអនុវត្តកាលពីដើមខែមេសា ឆ្នាំ២០២៦ នេះ។ ច្បាប់ថ្មីនេះបានបង្កើតបទល្មើសព្រហ្មទណ្ឌចំនួន ៥ សំខាន់ៗ រួមមាន៖
1. បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
2. បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោក។
3. បទជ្រើសរើស ឬបណ្តុះបណ្តាលមនុស្សឱ្យប្រព្រឹត្តបទល្មើស។
4. បទប្រមូលឯកសារអត្តសញ្ញាណអ្នកដទៃក្នុងចេតនាទុច្ចរិត។
5. ទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។
ចំពោះទោសទណ្ឌនៃបទល្មើសទាំងនេះ ជនល្មើសអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ មួយជីវិត និងពិន័យជាប្រាក់រហូតដល់ ១ ០០០លានរៀល ព្រមទាំងការរឹបអូសទ្រព្យសម្បត្តិផងដែរ៕
ប្រភព៖ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)

